ក្រុម Arsenal ដែលជាម្ចាស់ការពារតំណែងជើងឯកនៃពាន FA Cup បានធ្លាក់ចេញពីយុទ្ធនាការនេះក្រោមស្នាដៃក្រុម Nottingham Forest កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមជាមួយនឹងក្រុម Leeds United ក្នុងនាមជាក្រុមខ្លាំងដែលចាញ់ដ៏មិននឹកស្មានដល់។
ស្របពេលជាមួយគ្នានេះ ក្រុម West Ham បានរក្សាវត្តមានក្នុងយុទ្ធនាការនេះ តាមរយៈការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Shrewsbury ហើយក្រុម Tottenham បានស៊ុតបាល់បញ្ចូលទី ៣គ្រាប់ក្នុងចន្លោះពេលត្រឹមតែ៨នាទីក្នុងតង់ទី២ ដើម្បីផ្តួលក្រុម AFC Wimbledon ដែលលេងក្នុងក្របខ័ណ្ឌ League One ក្នុងលទ្ធផល ៣-០។
ក្រុម Nottingham Forest ដែលលេងក្នុងក្របខ័ណ្ឌលំដាប់ទី២ Championship បានរំឭកដល់ការចងចាំផ្សេងៗនៃភាពជោគជ័យរបស់ពួកគេក្រោមការដឹកនាំរបស់លោក Brian Clough តាមរយៈការទម្លាក់ក្រុមម្ចាស់ជងឯក ១៣សម័យកាល Arsenal ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋាន City Ground។ លោក Arsene Wenger គ្រូបង្វឹករបស់ក្រុម Arsenal ដែលបានធ្វើការផ្លាស់ប្តូរកីឡាករ ៩នាក់ទៅលើក្រុមដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ជាមួយនឹងក្រុម Chelsea ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីពាក់កណ្តាលសប្តាហ៍មុននោះ បានការពារការជ្រើសរើសក្រុមរបស់លោកសម្រាប់ការប្រកួតពាន FA Cup ជុំទី៣។
គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «យើងមានកីឡាករជាច្រើន ហើយយើងនឹងលេងម្តងទៀតនៅថ្ងៃពុធ។ នៅពេលដែលអ្នកមិនទទួលបានជ័យជម្នះ ការជ្រើសរើសកីឡាករតែងតែត្រូវបានគេចោទសួរ។ ខ្ញុំជឿជាក់ថា យើងមានក្រុមពោរពេញដោយបទពិសោធមួយ ដោយកីឡាករ៨ ឬ៩នាក់ សុទ្ធសឹងលេងឲ្យក្រុមជម្រើសជាតិ។ វានឹងក្លាយជារឿងដ៏ងាយស្រួលក្នុងថា នោះគឺជាបញ្ហា»៕
ប្រភព៖ Channel News Asia