ខ្សែការពារអង់គ្លេស John Stones បានបង្កកំហុសនៅតង់ទីមួយដែលធ្វើអោយកីឡាករ Barnes របស់ក្រុម Burnley មានឪកាសរកគ្រាប់បាល់នាំមុខដោយការស៊ុតបញ្ចូលទីនៅនាទីទី៣៥ ខណៈអ្នកចាំទី Claudio Bravo មិនអាចសង្គ្រោះបាននោះទេ។ ប៉ុន្តែចូលដល់តង់ទី២ នៅនាទីទី៥៦ ខ្សែប្រយុទ្ធអាហ្សង់ទីន Aguero បានផ្តល់ក្តីសង្ឃឹមអោយក្រុមមានទឹកចិត្តតស៊ូក្នុងការលេងឡើងវិញ ព្រមជាមួយការបន្ថែម គ្រាប់បាល់ទី២ នៅនាទីទី៥៨ អោយក្រុមមុនពេលខ្សែប្រយុទ្ធវ័យក្មេងអាឡឺម៉ង់ Leroy Sane និងខ្សែបម្រើព័រទុយហ្គាល់ Bernado Silva បន្ថែមម្នាក់មួយគ្រាប់មុនបញ្ចប់តង់ទី២ ជួយអោយក្រុមម្ចាស់ផ្ទះផ្តួល Burnley ដោយលទ្ធផល ៤:១ ដើម្បីឈានទៅកាន់ជុំទី៤បន្តទៀត។

ក្រុម Man.City ចាប់ផ្តើមរដូវកាលនេះបានយ៉ាងល្អគ្រប់ក្របខណ្ឌប្រកួត និងមិនដែលចាញ់ ២៦ដង ខណៈមានពានចំនួនបួនដែលត្រូវប្រកួតប្រជែងដើម្បីឈ្នះមានដូចជាៈ Premier League, Carabao Cup, FA Cup និងពានរង្វាន់ដ៏ធំប្រចាំទ្វីបអឺរ៉ុប UEFA Champion League បន្ទាប់ពីការចាប់ផ្តើមរដូវកាល ដំបូង(២០១៦-២០១៧)របស់គ្រូបង្វឹកលោក Pep Guadiola ក្រុម Man.City មិនបានឈ្នះពានអ្វីទាល់តែសោះ។

សម្រាប់ការប្រកួតរវាងក្រុមភ្ញៀវម្ចាស់ជើងឯក Premier League តោខៀវ Chelsea និង ក្រុមភ្ញៀវ Norwich City សមាជិកមកពីក្របខណ្ឌ Championship ក្រុមកីឡាករទាំងពីរនៅតង់ទី១ និងតង់ទី២ មិនមានក្រុមណាអាចរកគ្រាប់បាល់បញ្ចូលទីរៀងៗខ្លួន រហូតដល់បញ្ចប់ការប្រកួតជាមួយលទ្ធផល 0:0 ។

អ្នកចាត់ការទូទៅ Chelsea លោក Antonio Conte មិនបានដាក់ខ្សែប្រយុទ្ធឆ្នើម Alvaro Morata អោយចូលលេងនៅក្នុងការប្រកួតនេះទេ។ ដូច្នេះបន្ទាប់ពីលទ្ធផលស្មើគ្នា ក្រុមទាំងពីរនឹងត្រូវកាត់សេចក្តីម្តងទៀតសម្រាប់ការប្រកួតជើងទីពីរនៅកីឡាដ្ឋាន Stamford Bridge របស់ក្រុម Chelsea នាថ្ងៃ១៣ មករា ខាងមុខ ដើម្បីស្វែងរកក្រុមទៅកាន់ជុំទី៤ បន្តទៀត។