ក្រុម Stoke City បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយអ្នកចាត់ការទូទៅលោក Mark Hughes ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីដឹកនាំក្រុមធ្លាក់ចេញពីការប្រកួត FA Cup ជុំទី៣ ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះ Coventry City ជាក្រុមកំពុងលេងនៅក្របខណ្ឌ League Two កាលពីយប់ថ្ងៃសៅរ៏ទី ៦ មករា ២០១៨នេះ ដោយលទ្ធផល ២:១ នាកីឡាដ្ឋាន Ricoh Arena ។

សម្រាប់បរាជ័យ ៥ប្រកួតក្នុងចំនោម ៧ប្រកួតនៅក្របខណ្ឌកំពូល Premier League ខណៈក្រុម Stoke City បច្ចុប្បន្នមានចំណាត់ថ្នាក់លេខ ១៨ជាតំបន់ដែលត្រូវកាត់ចេញទៅលេងនៅក្របខណ្ឌ Champion Ship គឺជាហេតុផលដែលក្រុមឈានទៅដល់ការចែកផ្លូវគ្នាជាមួយគ្រូបង្វឹករូបនេះ។ ក្រុមStoke City ក៏កំពុងសំលឹងមើលបេក្ខភាពគ្រូបង្វឹកថ្មីដើម្បីចូលមកដឹកនាំក្រុមជួបជាមួយ Man.United នាថ្ងៃ១៥ មករា ២០១៨ខាងមុខ។

បន្ទាប់ពីចូលមកដឹកនាំក្រុមរយៈពេល ៤រដូវកាលនិង ៤ខែកន្លងមក អតីតអ្នកចាត់ការទូទៅក្រុម Manchester City, Blackburn Rovers, Fulham និង QPR វ័យ ៥៤ឆ្នាំរូបនេះបានប្រាប់ អោយដឹងថា៖ ខ្ញុំមិនគិតថាក្រោយបរាជ័យពីការប្រកួត វាជាស្ថានភាពដែលកំណត់ជោគវាសនា របស់ខ្ញុំជាមួយនឹងក្រុមនោះទេ។ លោក Mark Hughes សញ្ជាតិវេលបានចូលមកដឹកនាំក្រុម Stoke City បន្តពីអតីតគ្រូបង្វឹក Tony Pulis នាខែឧសភា ឆ្នាំ២០១៣ និងបានក្លាយជាគ្រូបង្វឹកទី៤ ដែលមានវ័យចំណាស់ដឹកនាំក្រុមនៅក្របខណ្ឌ Premier League យូរជាងគេបង្អស់។ រដូវកាលចាស់ ក្រុម Stoke City បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ១៣។