លោក Pep Guardiola បានបញ្ជាក់ថាក្លិប Manchester City ត្រូវតែតាមឲ្យស្មើក្រុម Manchester United និង Liverpool តាមរយៈការឈ្នះពាននានា ដើម្បីក្លាយជាក្លិបមួយក្នុងចំណោមក្លិបយក្សក្នុងកីឡានេះ ហើយការបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងកីឡាបាល់ទាត់ នឹងមិនគ្រប់គ្រាន់ឡើយ។

ក្រុមកំពុងតែនាំមុខដាច់យ៉ាងឆ្ងាយលើតារាងនៃក្របខ័ណ្ឌ Premier League មួយនេះ បានរក្សាការប្រជែងរបស់ខ្លួនក្នុងយុទ្ធនាការ៤ តាមរយៈការឈានទៅប្រកួតពាន FA Cup ជុំទី៤ ក្រោយពីបានផ្តួលក្រុម Burnley កាលពីថ្ងៃសៅរ៍។ បច្ចុប្បន្នពួកគេកំពុងតែសម្លឹងរកកៅអីក្នុងវគ្គផ្តាច់ព្រ័ត្រនៃពាន League Cup ក្នុងពេលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bristol City របស់ក្របខ័ណ្ឌ Championship ក្នុងការប្រកួតជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីនេះ។

លោក Guardiola អ្នកចាត់ការទូទៅរបស់ Man City បានឲ្យដឹងថា៖ «ជ័យជម្នះនឹងជួយឲ្យឈ្នះកាន់តែច្រើនទៀត ហើយបន្ទាប់មក យើងនឹងស្ថិតនៅទីនោះ ពោលគឺការធ្វើដំណើរទៅទីក្រុងឡុងដ៍ ដើម្បីលេងក្នុងវគ្គផ្តាច់ព្រ័ត្រ»។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមទៀតថា៖ «វាពិតជាសំខាន់ណាស់ក្នុងការឈ្នះពាន។ ដើម្បីក្លាយជាក្លិបដ៏ធំមួយដូចក្រុមដែលខ្ញុំបានជួប ឬក្រុមដូចជា Manchester United ឬ Liverpool ដែលមានប្រវត្តិសាស្ត្រដ៏អស្ចារ្យ អ្នកត្រូវតែឈ្នះពាន»។

លោក Guardiola អតីតគ្រូបង្វឹករបស់ក្លិប Barcelona និង Bayern Munich ពិតជារីករាយណាស់ក្នុងការឃើញតារាឆ្នើម Leroy Sane វិលទៅកាន់ការរកគ្រាប់បាល់បញ្ចូលទីវិញ ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Burnley ក្នុងលទ្ធផល ៤-១។ ខ្សែបម្រើស្លាបរូបនេះ បានក្លាយជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដែលលេចធ្លោងជាងគេនៅរដូវកាលនេះ ប៉ុន្តែគ្រាប់បាល់នោះ គឺជាគ្រាប់បាល់ទី១ របស់កីឡាករវ័យ ២១ឆ្នាំរូបនេះ បើគិតចាប់តាំងពីខែតុលា ហើយលោក Guardiola មានអារម្មណ៍ថា រូបគេនៅតែមានការងារជាច្រើនដែលត្រូវធ្វើដើម្បីឈានដល់សក្តានុពលពេញលេញរបស់គេ។ ការប្រកួតនេះ នឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport24
Via :cambosport