ខ្សែប្រយុទ្ធ Harry Kane បញ្ជាក់ថា រូបគេរីករាយក្នុងការនៅជាមួយនឹង Tottenham Hotspur ប្រសិនបើក្លិបនេះចាប់ផ្តើមឈ្នះពាន ខណៈដែលអ្នកចាត់ការទូទៅរបស់គេគឺលោក Mauricio Pochettino បានធ្វើការព្រមានថា Spurs មិនអាចបង្ខំឲ្យតារាឆ្នើមៗរបស់ពួកគេបន្តនៅបានឡើយ។

លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានកោតសរសើ Kane ជាខ្សែប្រយុទ្ធពេញលក្ខខណៈ នៅមុនពេលការប្រកួតរវាងក្រុមទាំងពីរក្នុងក្របខ័ណ្ឌ Champions League កាលពីខែតុលា ស្របពេលដែលក្លិប Manchester United ក៏បានសម្តែងនូវការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះផងដែរ។ Kane ទើបតែបានចុះហត្ថលេខាលើកុងត្រាថ្មីដែលមានរយៈពេល៥ឆ្នាំកន្លះ កាលពីឆ្នាំ២០១៦ ជាមួយនឹងចំណូលច្រើនជាង១០ម៉ឺនផោន (ស្មើនឹង១៣៥០០០ដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ ប៉ុន្តែប្រាក់បៀវត្សរ៍របស់គេនៅតែមានចំនួនតិច បើធៀបទៅនឹងកីឡាករឆ្នើមក្នុងពិភពលោក។

ក្រោយពីបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងពេលក្រុម Tottenham ដណ្តើមបានជ័យជម្នះ ៣-០ លើក្រុម Wimbledon ក្នុងការប្រកួតពាន FA Cup កាលពីថ្ងៃអាទិត្យ Kane ត្រូវបានចោទសួរពីចំណុចអ្វីដែលក្លិបត្រូវធ្វើដើម្បីធានាថា រូបគេនឹងបន្តនៅក្នុងរយៈពេលដ៏យូរអង្វែង។ Kane បានឲ្យដឹងថា៖ «ខ្ញុំតែងតែនិយាយថា ត្រូវតែរក្សាការឆ្ពោះទៅមុខ និងធ្វើឲ្យកាន់តែល្អប្រសើរ។ យើងចង់ចាប់ផ្តើមឈ្នះពាននានា ហេតុនេះ នោះគឺជាគោលដៅ។ នៅពេលដែលក្លិបរក្សាការឈ្នះពាន ខ្ញុំពិតជារីករាយក្នុងការនៅទីនេះ»។ លោក Pochettino បានបញ្ជាក់ថា ការផ្ទេររបស់ Philippe Coutinho ពីក្លិប Liverpool ទៅកាន់ក្លិប Barcelona បង្ហាញថា អ្វីៗមិនមានសុវត្ថិភាពទាំងស្រុងឡើយ ហេតុនេះ ស្ថានភាពនានា ត្រូវតែដឹកនាំឲ្យបានប្រុងប្រយ័ត្ន៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia
Via :cambosport