ក្រុមអ្នកមានបុណ្យ Barcelona នៅតែរក្សាកំនត់ត្រាមិនដែលចាញ់សម្រាប់ការប្រកួតសប្តាហ៏ទី ១៨នៅក្របខណ្ឌ La Liga ក្រោយពីបើកទ្វារកីឡាដ្ឋាន Camp Nou ស្វាគមន៏ក្រុម Le Vante ជាមួយ លទ្ធផលជ័យជំនះ ៣:០ កាលពីថ្ងៃអាទិត្យទី៧ មករា ២០១៨ នេះ។ ក្រោយការតាមស្មើកំនត់ត្រា របស់វីរបុរស Gert Muller ក្រុម Bayern Munich ធ្លាប់លេងអោយក្លឹបនៅឆ្នាំ (1964-1979) រកបាន គ្រាប់ទី៣៦៥ សម្រាប់ការលេងអោយក្រុមតែមួយគត់ក្នុងអាជីពរួចមក ខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅតែធ្វើបានល្អ រកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមម្ចាស់ផ្ទះនៅនាទីទី១២ ក្រោយពីការបញ្ជូនបាល់ បានយ៉ាងល្អចេញពីកីឡាករ​ Jordi Alba និងជាគ្រាប់បាល់ទី១៦ សម្រាប់រដូវកាលនេះ នៅ La Liga ព្រមទាំងជាការបង្ហាញខ្លួនលើកទី៤០០ អោយក្រុមផងដែរ។

ខ្សែប្រយុទ្ធ Luis Saurez បន្តរកគ្រាប់បាល់ទី២ អោយក្រុមម្ចាស់ផ្ទះនាំមុខនៅនាទីទី៣៨ និងជាគ្រាប់ទី១១ សម្រាប់រដូវកាលថ្មីនេះ មុនពេលខ្សែបម្រើប្រេស៊ីល Paulinho រកបានគ្រាប់បាល់ ទី៣ នៅនាទីទី៩០+៣ ជិតបញ្ចប់ការប្រកួតតង់ទី២។

ជាលទ្ធផលការប្រកួតនៅសប្តាហ៏ទី១៨ នេះ ក្រុមBarcelona នៅតែធ្វើបានល្អ និងឈរនៅចំណាត់ថ្នាក់លេខ១កំពូលតារាងដដែល តាមពីក្រោយដោយក្រុម At.Madrid ៩ពិន្ទុនិង Valencia ១១ ស្របពេលក្រុមការពារដំណែងជើងឯក Real Madrid បានត្រឹមស្មើ ២:២ ជាមួយក្រុមម្ចាស់ផ្ទះ Celta Vigo ។