គ្រាប់បាល់បញ្ចូលទី ១គ្រាប់នៅជិតបញ្ចប់ការប្រកួតដែលរកបានដោយខ្សែប្រយុទ្ធ Sergio Aguero បានសង្គ្រោះក្រុម Manchester City ខណៈដែលវាគ្រប់គ្រាន់ក្នុងការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២ Bristol City ក្នុងការប្រកួតពាន League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ របស់ពួកគេ កាលពីថ្ងៃអង្គារ។

គ្រាប់បាល់ទី១៩ របស់ខ្សែប្រយុទ្ធអន្តរជាតិរូបនេះ នៅរដូវកាលនេះ និងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អឥតខ្ចោះរបស់ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Kevin De Bruyne តាមលុបចោលគ្រាប់បាល់ប៉េណាល់ទីនៅតង់ទី១ របស់កីឡាករ Bobby Reid ដើម្បីជួយឲ្យក្រុមម្ចាស់ផ្ទះកត់ត្រាជ័យជម្នះនៅលើទឹកដីខ្លួនឯងជាលើកទី ១៦ជាប់ៗគ្នាតែម្តង។ ប៉ុន្តែក្រុម Bristol City ដែលបានទម្លាក់ក្រុមខ្លាំងៗចំនួន ៤រួចជាស្រេចក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ក្នុងរាប់បញ្ចូលទាំងក្រុមម្ចាស់ការពារតំណែងជើងឯក Manchester United ដែរនោះ បានផ្តល់ការរីករាយដល់អ្នកគាំទ្ររបស់ខ្លួនប្រមាណជា ៨០០០នាក់ ដែលជាចំនួនដ៏ច្រើនបំផុតនៅកីឡដ្ឋាន Etihad ក្នុងប្រវត្តិសាស្ត្ររយៈពេល ១៥ឆ្នាំរបស់ខ្លួន។

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានធ្វើការអបអរដល់លោក Lee Johnson ដែលជាគ្រូបង្វឹករបស់ក្រុម Bristol City។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានឲ្យដឹងថា៖ «យើងបានបង្កើតឱកាសជាច្រើន ហើយនោះគឺជាមូលហេតុដែលយើងបានឈ្នះ ប៉ុន្តែ នៅថ្ងៃនេះ យើងបានដឹងថា យើងមិនទាន់បញ្ចប់ការងាររបស់យើងឡើយ ពោលគឺយើងត្រូវតែដណ្តើមឲ្យបានជ័យជម្នះនៅលើទឹកដីក្រុម Bristol ក្នុងការប្រកួតជើងទី២»៕