លោក Arsene Wenger នឹងប្រើប្រាស់ Alexis Sanchez ក្នុងជម្រើសទាំង ១១នាក់ដំបូងរបស់ក្រុម Arsenal សម្រាប់ការប្រកួតពាន Carabao Cup ឬ League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ជាមួយនឹងក្រុម Chelsea នៅរាត្រីនេះ។ ហេតុនេះ Sanchez នឹងត្រូវដាក់ឲ្យចូលលេង បើទោះបីមានភាពស្រពេចស្រពិលជុំវិញអនាគតរបស់ខ្សែប្រយុទ្ធរូបនេះ ក្រោយពីក្លិប Manchester City បានដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់ ២០លានផោន (ស្មើនឹង២៧លានដុល្លារអាមេរិក) អំឡុងពេលបើកទីផ្សារដោះដូរកីឡាករនៅខែមករានេះ។

លោក Wenger បានជួបបញ្ហាដោយសារតែការអវត្តមានរបស់ Mesut Ozil រួចជាស្រេច ដោយសារតែបញ្ហារបួស ហើយខ្សែបម្រើឆ្នើមរូបនេះ បានចូលរួមមួយនឹង Laurent Koscielny, Nacho Monreal, Sead Kolasinac, Aaron Ramsey និង Olivier Giroud ក្នុងបញ្ជីអវត្តមានសម្រាប់ការប្រកួតនៅកីឡដ្ឋាន Stamford Bridge។ ច្បាស់ណាស់ថា លោក Wenger កំពុងតែមានបញ្ហាក្នុងតំបន់ការពារ ហើយលោកនឹងប្រើប្រាស់ខ្សែការពារចំណូលថ្មី Konstantinos Mavropanos ក្នុងចំណោមកីឡាករបម្រុងផ្សេងទៀត។ ខ្សែការពារកណ្តាលវ័យ ២០ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងក្លិប Arsenal ពីក្លិប PAS Giannina របស់ក្រិក កាលពីសប្តាហ៍មុន ហើយគម្រោងរបស់លោក Wenger គឺការខ្ចីជើងរូបគេទៅកាន់ក្លិបផ្សេង។

អ្នកចាត់ការទូទៅរូបនេះបានឲ្យដឹងកាលពីថ្ងៃពុធថា៖ «រូបគេមិនទាន់ត្រៀមរួចរាល់សម្រាប់យើងនៅឡើយទេ។ យើងនឹងដាក់ឲ្យរូបគេស្ថិតជាកីឡាករខ្ចីជើងនៅក្លិបផ្សេង»។ អ្នកចាំទី David Ospina នឹងចូលលេងក្នុងជម្រើសទាំង ១១នាក់ដំបូងនៅពេលប្រកួតជាមួយនឹងក្រុម Chelsea ដើម្បីជំនួសកន្លែងរបស់អ្នកចាំទីជម្រើសទី១ Petr Cech ប៉ុន្តែលោក Wenger នឹងព្យាយាមជ្រើសរើសយកក្រុមដ៏ខ្លាំងបំផុតតាមដែលអាច ក្នុងនោះរាប់បញ្ចូលទាំង Sanchez ផងដែរ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ TheGuardian
Via :cambosport