ការចុះហត្ថលេខាផ្ទេរមកកាន់ក្លឹបយក្ស Barcelona កាលពីពេលថ្មីៗរបស់ខ្សែបម្រើ-ប្រយុទ្ធស្លាប Philippe Coutinho មិនមានអ្វីដែលលាក់បាំងពីការពិតនោះទេ ខណៈដែលអតីតកីឡាករក្រុមហង្សក្រហម Liverpool រូបនេះបានបញ្ជាក់ប្រាប់ទូរទស្សន៏ TV Barca ថា៖ មានកីឡាករប្រេស៊ីលជាច្រើនមានភាពអស្ចារ្យជាមួយក្រុមBarcelona ប៉ុន្តែ Ronaldinho គឺតែងតែនៅជានិមិត្តរូបរបស់ខ្ញុំជានិច្ច។ គាត់ចង់អោយអ្វីៗបានល្អប្រសើរសម្រាប់ក្រុម ហើយខ្ញុំនិងព្យាយាមធ្វើអោយដូចក្តីសង្ឃឹមដែលខ្ញុំប៉ងដូចគាត់។

កំលុងពេលធ្វើបទសម្ភាសន៏ផងដែរ Coutinho បានរៀបរាប់អំពីអត្ថន័យផ្សេងៗរបស់ស្នាមសាក់លើដងខ្លួនថា៖ ខ្ញុំបានសាក់រូបផ្សេងៗគ្នា មានដូចជាឃ្លាមួយក្នុងអត្ថន័យភាសាអេស្បាញប្រែថាមិនត្រូវបញ្ឈប់ក្តីសុបិន្ត និងការសាក់តំណាងអោយកូនស្រី និងឈ្មោះរបស់ភរិយា ព្រមទំាងឪពុកម្តាយខ្ញុំផងដែរ។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៏នោះគឺការសាក់រូប Micky Mouse ដែល Coutinho បានពន្យល់ថា៖ ខ្ញុំបានបង្កើតវាជាមួយនឹងភរិយារបស់ខ្ញុំ កូនស្រីខ្ញុំនាងយករូប Minnie ហើយខ្ញុំយក Mickey។

មុនពេលចេញទៅកាន់ទីលានដើម្បីធ្វើការបង្ហាញខ្លួនស្វាគមន៏ និងបញ្ចេញទេពកោសល្យនៅលើទីលាន Coutinho បាននិយាយប្រាប់អោយដឹងផងដែរថា៖ រាល់ពេលមុនចេញទៅទីលានប្រកួត ខ្ញុំតែងតែធ្វើការបន់ស្រន់នឹកដល់ព្រះ ដើម្បីអោយខ្ញុំមានសុខភាពល្អ និងមានឱកាសបានលេងបាល់ទាត់ជានិច្ច ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english
Via :cambosport