ក្រុម Chelsea បានខ្ជះខ្ជាយឱកាសមួយក្នុងការដណ្តើមយកការគ្រប់គ្រងក្នុងការប្រកួតពាន League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេជាមួយនឹងក្រុម Arsenal ខណៈដែលក្រុមតោខៀវមួយនេះ ត្រូវបានបង្ខំឲ្យបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជើងទី១ កាលពីថ្ងៃពុធ។

ក្រុមរបស់លោក Antonio Conte មានភាគរយគ្រប់គ្រងបាល់ជាច្រើនក្នុងការប្រកួតនាកីឡដ្ឋាន Stamford Bridge ខណៈដែលប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ក៏បានប្រើប្រាស់ផងដែរ ប៉ុន្តែ Chelsea បានខ្វះនូវភាពមុតស្រួចដែលត្រូវការជាចាំបាច់ដើម្បីបោះជំហានដ៏ធំមួយឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ពួកគេបានព្យាយាមស៊ុតបាល់ដល់ទៅ ២១លើក ខណៈដែលក្រុម Arsenal មានត្រឹមតែ ៨លើកប៉ុណ្ណោះ ប៉ុន្តែ ការប្រកួតនេះ នៅតែស្ថិតក្នុងលទ្ធផលស្មើ នៅមុនពេលឈានទៅកាន់ការប្រកួតជើងទី២ នាកីឡដ្ឋាន Emirates នៅថ្ងៃទី២៤ ខែមករា។

ស្របពេលដែលវាបានក្លាយជាពេលវេលាដ៏ខកចិត្តសម្រាប់ក្រុម Chelsea ខណៈដែលពួកគេប្រមាញ់រកកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពាន League Cup ជាលើកទី១ ចាប់តាំងពីឆ្នាំ២០០៥នោះ ការបញ្ចប់ក្នុងលទ្ធផលស្មើនេះ នឹងក្លាយជាលទ្ធផលដ៏ស្រពេចស្រពិលមួយសម្រាប់ក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយទាំងពីរនេះ។ Arsenal ដែលក៏បានបញ្ចប់ក្នុងលទ្ធផលស្មើទាំង ២លើកក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Chelsea នៅរដូវកាលនេះ ទើបតែបានរងបរាជ័យមួយក្នុងចំណោមការរងបរាជ័យដ៏ខកចិត្តបំផុតនៃរជ្ជកាលរបស់លោក Arsene Wenger កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២ Nottingham Forest បានទទួលជ័យជម្នះ ៤-២ ក្នុងការប្រកួតពាន FA Cup ជុំទី៣៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ Channel News Asia
Via :cambosport