ខ្សែប្រយុទ្ធ Alexis Sanchez នឹងបន្ថែមភាពខ្លាំងទៅកាន់ក្រុម ប្រសិនបើរូបគេចូលរួមជាមួយនឹង Manchester City ពីក្លិប Arsenal នៅខែនេះ។

នេះបើយោងទៅតាមការបញ្ជាក់របស់ខ្សែបម្រើដ៏មានឥទ្ធិពល Kevin de Bruyne របស់ក្លិប Man City។ Arsenal បានទទួលយកសំណើដេញថ្លៃក្នុងទឹកប្រាក់៦០លានផោន (ស្មើនឹង៨១លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិស៊ីលីវ័យ ២៩ឆ្នាំរូបនេះ នៅថ្ងៃចុងក្រោយនៃខែសីហា ប៉ុន្តែ ការផ្ទេរមួយនេះ បានទទួលបរាជ័យ។ Man City មានផែនការក្នុងការចុះហត្ថលេខាជាមួយនឹង Sanchez ដោយគ្មានតម្លៃខ្លួន នៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់នៅចុងរដូវកាលនេះ ប៉ុន្តែ ការអវត្តមានរយៈពេល ២ខែរបស់ខ្សែប្រយុទ្ធ Gabriel Jesus ដោយសារតែបញ្ហារបួសជង្គង់ អាចនឹងជំរុញឲ្យមានការផ្ទេរនេះនៅត្រឹមខែនេះ។

ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក De Bruyne បានឲ្យដឹងថា៖ «ប្រសិនបើគេ គេនឹងបន្ថែមអ្វីមួយទៅកាន់ក្រុមនេះ»។ តារាឆ្នើមវ័យ ២៦ឆ្នាំរូបនេះបានបន្ថែមទៀតថា៖ «រូបគេជាកីឡាករដ៏ឆ្នើមម្នាក់។ ពិតណាស់ យើងនឹងរង់ចាំមើលពីអ្វីដេលនឹងកើតឡើង»។ ទាំងក្រុម Man City និង Arsenal មិនបានធ្វើការបកស្រាយទៅលើការផ្ទេរមួយនៅខែមករានេះឡើយ ប៉ុន្តែ De Bruyne បាននិយាយពីខ្សែប្រយុទ្ធរូបនេះ ក្រោយពីបានយកឈ្នះក្នុងការប្រកួតពាន Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ លើក្រុម Bristol City កាលពីថ្ងៃអង្គារ។ Sanchez នឹងមិនអាចលេងឲ្យក្រុម Man City ក្នុងពាន Carabao Cup ឡើយ ខណៈដែលរូបគេបានចូលលេងនៅពេលប៉ះជាមួយនឹងក្រុម Doncaster សម្រាប់ក្រុម Arsenal រួចជាស្រេចនៅដើមរដូវកាលនេះ ប៉ុន្តែ រូបគេនឹងមានសិទ្ធិលេងក្នុងពាន FA Cup ហើយក៏អាចលេងក្នុងក្របខ័ណ្ឌ Champions League ផងដែរ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC
Via :cambosport