ខ្សែប្រយុទ្ធ Neymar បានរកគ្រាប់បាល់នាំមុខអោយក្រុម PSG តាមរយៈបាល់ពិន័យ ១១ម៉ែត្រ រួមចំណែកជួយអោយក្រុមបានឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ French League Cup ក្រោយផ្តួលក្រុម Amien ដោយលទ្ធផល ២:០ កាលពីយប់ថ្ងៃអង្គារ ទី១០ ខណៈមិត្តរួមក្រុម Adrien Rabiot ជាអ្នកបន្ថែមគ្រាប់បាល់ជ័យជំនះទី២ ។

តារាឆើ្នមរបស់ក្រុម ជម្រើសជាតិប្រេស៊ីលរូបនេះ បានរកគ្រាប់បាល់បានគ្រប់កម្មវិធីប្រកួតអោយក្រុម PSG មានដូចជា Ligue1, Champion League, French Cup, French League Cup ដែលក្រុម PSG ធ្លាប់បានលើកពានទាំងអស់នេះក្នុងរយៈពេល ៤ឆ្នាំកន្លងមកផងដែរ។
ក្រុមម្ចាស់ផ្ទះ Amiens ត្រូវលេងដោយនៅសល់កីឡាករតែ ១០នាក់ក្រោយពីអ្នកចាំទី កីឡាករ Regis Gurtner ត្រូវបានបណ្តេញចេញពីការប្រកួត បន្ទាប់ពីបង្កកំហុស លើខ្សែប្រយុទ្ធ Kylian Mbappe។

បច្ចុប្បន្ន Neymar រកគ្រាប់បាល់បាន ២០គ្រាប់ សម្រាប់ការបង្ហាញខ្លួន ២២ប្រកួតកន្លងមកនេះ ក្រោយការផ្ទេរពី Barcelona ក្នុងតម្លៃខ្លួន ២២២លានយូរ៉ូ ខណៈក្រុម PSG និងត្រូវជួបប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុម Rennes ស្របពេលក្រុម Monaco ត្រូវជួបប្រកួតជាមួយក្រុម Monpellier ផងដែរ។ គ្រូបង្វឹកក្រុម PSG មិនបានដាក់ខ្សែប្រយុទ្ធ អ៊ុយរ៉ូហ្គាយកីឡាករ Edinson Carvani អោយចូលប្រកួតទេ បន្ទាប់ពីរូបគេមានការយឺតយ៉ាវ ត្រលប់ពីការសំរាកនៅរដូវរងារ។

