ក្របខ័ណ្ឌ Premier League នឹងវិលត្រឡប់មកវិញ នៅចុងសប្តាហ៍នេះ ក្រោយពីផ្អាកដោយសារតែការប្រកួតពាន FA Cup ស្របពេលដែលក្រុម Liverpool នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester City ហើយក្រុម Arsenal នឹងសម្លឹងរកការវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញដើម្បីរក្សាក្តីសង្ឃឹមនៃការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League។

ក្រុម Chelsea នឹងត្រូវប៉ះជាមួយនឹងក្រុម Leicester ក្នុងការប្រកួតរវាងក្រុមម្ចាស់ជើងឯកពាន Premier League ពីរលើកចុងក្រោយ ខណៈដែលក្រុម Spurs នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Everton ហើយក្រុមឈរលេខ២ Manchester United នឹងត្រូវប្រកួតជាមួយនឹងក្រុម Stoke ខណៈដែលក្រុម Arsenal ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ត្រូវធ្វើដំណើរទៅជួបក្រុម Bournemouth។

ក្រុម Liverpool របស់លោក Jurgen Klopp នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Man City នៅថ្ងៃអាទិត្យនេះ ក្នុងការប្រកួតទី១របស់ពួកគេចាប់តាំងពីការផ្ទេររបស់ Philippe Coutinho ទៅកាន់ក្លិប Barcelona។ តារាឆ្នើមទាំងបួនរបស់ Liverpool ដែលរួមមាន Coutinho, Mohamed Salah, Sadio Mane និង Roberto Firmino បានផ្តល់នូវការគំរាមដ៏ធំដល់តំបន់ការពាររបស់គូប្រកួតខ្លួននៅរដូវកាលនេះ។

ក្រុម Liverpool បានស៊ុតបាល់បញ្ចូលទីដល់ទៅ ៥០គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ពោលគឺជាចំនួនច្រើនជាងគេបន្ទាប់ពីក្រុម Manchester City និងច្រើនជាងក្រុមឈរលេខ២ Man United ៥គ្រាប់។ Liverpool បានទិញចូលកីឡាករម្នាក់វិញដើម្បីពង្រឹងនៅតំបន់ការពារ ក្រោយពីបាននាំយក Virgil Van Dijk ក្នុងតម្លៃខ្លួន ៧៥លានផោន (ស្មើនឹង១០២លានដុល្លារអាមេរិក ពីក្លិប Southampton។ ប៉ុន្តែ ក្រុមដែលបានផ្តល់ផលលំបាកដ៏ធំបំផុតសម្រាប់ក្រុម Man City នៅរដូវកាលនេះ គឺក្រុមដែលស្ថិតក្នុងចំណាត់ថ្នាក់ទាបៗក្នុងក្របខ័ណ្ឌ Premier League។

Man City បានជួបការប្រកួតយ៉ាងស្វិតស្វាញ និងបានយកឈ្នះទាំងលំបាកនៅពេលប្រកួតជាមួយនឹងក្រុម Huddersfield, Southampton និង West Ham។ ទោះបីជាយ៉ាងណា Man City បានផ្តួលក្រុម Liverpool យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ ក្នុងពេលក្រុមទាំងពីរបានជួបគ្នាកាលពីខែកញ្ញា នៅរដូវកាលនេះ។ ហេតុនេះ វានឹងក្លាយជាការប្រកួតសងសឹកមួយសម្រាប់ក្រុម Liverpool ខណៈដែល Man City មិនធ្លាប់ឈ្នះនៅលើទឹកដី Anfields សោះសម្រាប់ការធ្វើដំណើរទៅប្រកួត ៥លើកចុងក្រោយរបស់ពួកគេ។ ការប្រកួតនៅថ្ងៃអាទិត្យនេះនឹងចាប់ផ្តើមនៅម៉ោង១១យប់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ news
Via cambosport