ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា មានរំពឹងយ៉ាងខ្ពស់ ក្នុងការបន្តឈ្នះតំណែងជើងឯក ក្នុងការប្រកួតពានរង្វាន់អន្តរជាតិកម្រិតតំបន់ MATIC 2018 (Mission Against Terror International Championship) ដែលនឹងត្រូវធ្វើនៅប្រទេសថៃ នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។

បើទោះបីជាការប្រកួតនេះ មានក្រុមតំណាងឲ្យប្រទេសចំនួន៦ បានចូលរួមប្រកួតប្រជែង ប៉ុន្តែក្រុម Never Care របស់កម្ពុជា ដែលធ្លាប់ឈ្នះតំណែងជើងឯក ពីការប្រកួត MATIC កាលពីឆ្នាំ២០១៧ និងធ្លាប់ទទួលបានតំណែងជើងឯករង២លើក ក្នុងការបង្ហាញខ្លួន នៅលើឆាកអន្តរជាតិ ចំនួន ៥លើកកន្លងមកនេះ មានរំពឹងរហូតដល់ ៧០ភាគរយ ក្នុងការការពារតំណែងជើងឯករបស់ខ្លួន បានសម្រេច។

កីឡាករ សេនតូ ដែលជាប្រធានក្រុម Never Care បាននិយាយ មុនពេលឡើងយន្តហោះ នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ កាលពីព្រឹកមិញនេះថា៖ «ពួកខ្ញុំទៅនេះ គឺប្រកួតតំណាងឲ្យប្រទេសកម្ពុជា អ៊ីចឹងយើងនឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីការពារតំណែងជើងឯកឲ្យប្រទេសកម្ពុជាយើង ហើយខ្ញុំគិតថា ឆ្នាំនេះពួកខ្ញុំមានការរីកចម្រើនជាងមុន ដូច្នេះយើងមានសង្ឃឹម៧០ភាគរយ ក្នុងការការពារតំណែងជើងឯក»។

ចំណែក លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលជាអ្នកដឹកនាំការប្រកួតនេះ បានថ្លែងនេះថា៖ «ការប្រកួតលើកនេះ ក្រុមអេឡិចត្រូនិកកម្ពុជា មានសង្ឃឹមស្ទើរតែ១០០ភាគរយ ក្នុងការការពារតំណែងជើងឯក របស់ខ្លួន កាលពីឆ្នាំ២០១៧ ព្រោះ Never Care មានបទពិសោធប្រកួត៦ឆ្នាំមកហើយ ធ្វើឲ្យពួកគេយល់ចិត្តគ្នា ល្អ និងមានបច្ចេកទេសលេងលេចធ្លោរជាងគេ»។

សម្រាប់ការប្រកួតពានរង្វាន់ MATIC 2018 មាន៦ប្រទេសចូលរួម ក្នុងនោះម្ចាស់ផ្ទះថៃ មាន៣ក្រុម ចិនមាន២ក្រុម សិង្ហបុរីមាន២ក្រុម ម៉ាឡេស៊ីមាន២ក្រុម និងឥណ្ឌូណេស៊ី មាន១ក្រុម រីឯកម្ពុជាមាន២ក្រុម គឺក្រុម Never Care និងក្រុម Infinity។

ចំណែក ប្រាក់រង្វាន់ ដែលនឹងត្រូវទទួលបាន ពីការប្រកួតពានរង្វាន់អន្តរជាតិកម្រិតតំបន់ MATIC 2018 នេះ គឺក្រុមម្ចាស់ជើងឯក នឹងទទួលបានប្រាក់ ១៥០០០ ដុល្លារអាមេរិក ក្រុមលេខ២បាន ៧០០០ដុល្លារ ក្រុមលេខ៣ បាន៤០០០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៤ បាន ២៥០០ ដុល្លារអាមេរិក៕
Via :cambosport