លោក Arsene Wenger បានបញ្ជាក់ថា លោករំពឹងទុកថា Alexis Sanchez នឹងចាកចេញពីក្លិប Arsenal ក្នុងរយៈពេល ៤៨ម៉ោងទៀត ខណៈដែលក្លិប Manchester United បានក្លាយជាគោលដៅនាំមុខគេរបស់ខ្សែប្រយុទ្ធរូបនេះ។

អ្នកចាត់ការទូទៅរូបនេះ បានលុបឈ្មោះ Sanchez ចេញពីក្រុមដែលលោកបានដឹកនាំទៅប្រកួតនៅលើទឹកដីក្រុម Bournemouth ខណៈដែល Arsenal បានចាញ់ក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យ។ លោក Wenger បានពន្យល់ថា លោកមិនជ្រើសរើសយក Sanchez ដោយសារតែស្ថានភាពរបស់គេ និងបានបញ្ជាក់ថា ការផ្ទេររបស់គេអាចនឹងកើតឡើងអំឡុងពេលការត្រៀមលក្ខណៈផ្សេងៗសម្រាប់ការប្រកួតជាមួយនឹងក្រុម Bournemouth។ លោក Wenger បានបញ្ជាក់ថា Sanchez កំពុងតែស្ថិតក្នុងការរង់ចាំ ហើយតារាឆ្នើមអន្តរជាតិស៊ីលីរូបនេះ មិនបានធ្វើដំណើរទៅកាន់ទឹកដីក្រុម Bournemouth ជាមួយនឹងក្រុម Arsenal កាលពីថ្ងៃសៅរ៍ឡើយ។

Man United បានបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់របស់ពួកគេក្នុងការផ្តួលក្រុម Manchester City ដើម្បីទិញយក Sanchez និងដើម្បីផ្តល់ប្រាក់ចំណូលច្រើនជាងក្រុម Man City ហើយក្រុមបិសាចក្រហមមួយនេះ បានធ្វើឲ្យ Sanchez ចាប់អារម្មណ៍។ រូបគេហាក់ដូចជាចូលរួមជាមួយនឹងក្រុម Man City ក៏ដូចជាធ្វើការក្រោមការដឹកនាំរបស់លោក Pep Guardiola ម្តងទៀតទៅហើយ ក្រោយពីបានលេងឲ្យអ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញរូបនេះរយៈពេល ១រដូវកាលនៅឯក្លិប Barcelona។ លោក Wenger បានឲ្យដឹងថា៖ «វានឹងត្រូវកាត់សេចក្តីក្នុងរយៈពេល៤៨ម៉ោងទៀត។ វាពិតជាលំបាកបន្តិចសម្រាប់ Alexis ក្នុងការលេងនៅ Bournemouth ពីព្រោះរូបគេកំពុងតែរង់ចាំ។ នោះគឺជាមូលហេតុដែលខ្ញុំមិនប្រើប្រាស់រូបគេ»៕
ប្រភព៖ The Guardian
