ក្លិប Crystal Palace កំពុងតែមានភាពជឿរជាក់ក្នុងការនាំយកកីឡាករ Khouma Babacar ពីក្លិប Fiorentina ខណៈដែលលោក Roy Hodgson សម្លឹងរកបន្ថែមខ្សែប្រយុទ្ធម្នាក់ក្នុងក្រុមរបស់លោក ខណៈដែលខ្សែប្រយុទ្ធសេណេហ្គាល់រូបនេះ អាចនឹងក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករចំណូលថ្មីទាំង ៤នាក់ដែលជួយកាត់បន្ថយវិបត្តិរបួសរបស់ក្លិប Crystal។

លោក Hodgson បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមដែលលោកត្រូវបានគេបន្សល់ទុកឲ្យកាលពីខែកញ្ញា មិនមានតុល្យភាពឡើយ ខណៈដែល Crystal Palace មានតែ Christian Benteke ម្នាក់ប៉ុណ្ណោះក្នុងនាមជាខ្សែប្រយុទ្ធដែលមានការទទួលស្គាល់ ហើយក៏មានតែអ្នកចាំទី២នាក់ផងដែរ។ ការព្យាយាមទិញយកអ្នកចាំទី Vicente Guaita របស់ក្លិប Getafe ត្រូវបានធ្វើឲ្យស្មុគស្មាញដោយសារតែក្លិបរបស់អេស្ប៉ាញមួយនេះ បដិសេធក្នុងការលក់ បើទោះបីកីឡាកររូបនេះ បាននិយាយថា រូបគេបានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងប្រធានក្លិប ដើម្បីអនុញ្ញាតឲ្យរូបគេពិភាក្សាជាមួយនឹងក្លិបដែលអាចផ្តល់តម្លៃខ្លួនច្រើនជាង៤លានអឺរ៉ូ (ស្មើនឹង៤,៩លានដុល្លារអាមេរិក) ក៏ដោយ។

Crystal Palace ដែលនៅតែធ្វើការពិភាក្សាជាមួយនឹងក្លិប Lille ជុំវិញការផ្ទេរខ្សែការពារកណ្តាល Ibrahim Amadou វ័យ២៤ឆ្នាំនោះ បានចាត់ទុក Babacar ជាខ្សែប្រយុទ្ធអាទិភាពជាងកីឡាករ Oumar Niasse និង Diafra Sakho។ ការពិភាក្សាផ្សេងៗបានចាប់ផ្តើមតាំងពីសប្តាហ៍មុនមកម្ល៉េះ ជុំវិញការផ្ទេរក្នុងតម្លៃខ្លួន១៥លានផោន (ស្មើនឹង២០,៦លានដុល្លារអាមេរិក) សម្រាប់កីឡាករម្នាក់ដែលបានស្ថិតក្នុងក្លិប Fiorentina តាំងពីរូបគេមានអាយុ១៥ឆ្នាំ៕

ប្រភព៖ The Guardian