ក្លិបតោខៀវ Chelsea បានចូលរួមក្នុងការប្រជែងដើម្បីចុះហត្ថលេខាជាមួយនឹងតារាឆ្នើម Alexis Sanchez ក្រោយពីក្លិប Manchester City បានទទួលស្គាល់បរាជ័យក្នុងការប្រជែងរបស់ពួកគេដើម្បីទិញយកខ្សែប្រយុទ្ធរបស់ក្លិប Arsenal រូបនេះ។
បច្ចុប្បន្ន Sanchez ហាក់កំពុងតែស្ថិតនៅចំកណ្តាលនៃការប្រទាញប្រទង់គ្នារវាងក្រុមម្ចាស់ជើងឯកមួយនេះ និងក្លិប Manchester United ដែលបានបញ្ជាក់យ៉ាងច្បាស់រួចជាស្រេចថា ពួកគេត្រៀមផ្តល់តម្លៃខ្លួន ៣៥លានផោន (ស្មើនឹង៤៨លានដុល្លារអាមេរិក) តាមការស្នើសុំរបស់ក្លិប Arsenal។
Chelsea ត្រូវបានគេជឿជាក់រួចជាស្រេចថា កំពុងតែធ្វើការពិភាក្សាជាមួយនឹងក្លិប Arsenal ហើយកីឡាកររូបនេះអាចនឹងចង់បន្តនៅក្នុងទីក្រុងឡុងដ៍ច្រើនជាង ក្រោយពីរូបគេបានច្រានចោលការផ្ទេរទៅកាន់ក្លិប Liverpool កាលពីឆ្នាំ២០១៤ ដោយសារតែហេតុផលរឿងទីតាំងភូមិសាស្ត្រ។ ប៉ុន្តែក្រុមរបស់លោក Jurgen Klopp មួយនេះ ក៏ទាក់ទងជាមួយនឹងខ្សែប្រយុទ្ធ Sanchez វ័យ ២៨ឆ្នាំនៅពេលនេះផងដែរ។
Man City ប្រហែលជាបានត្រៀមការបង្កើនតម្លៃខ្លួនច្រើនជាង២០លានផោនសម្រាប់ Sanchez ប៉ុន្តែ វាត្រូវបានគេយល់ឃើញថា ពួកគេមានការស្ទាក់ស្ទើរចំពោះតម្លៃខ្លួនក្នុងពេលចុះកុងត្រា ដែលត្រូវបានទាមទារដោយកីឡាកររូបនេះ ដែលនឹងផុតកុងត្រារបស់គេនៅរដូវក្តៅខាងមុខ និងការចំណាយទៅឲ្យភ្នាក់ងារតំណាងឲ្យ Sanchez គឺលោក Fernando Felicevich។ កាលពីថ្ងៃចន្ទ គ្រូបង្វឹករបស់ Man City លោក Pep Guardiola ប្រធានផ្នែកកីឡាលោក Txiki Begiristain ប្រធានប្រតិបត្តិលោក Ferran Soriano និងលោក Khaldoon al-Mubarak ដែលជាប្រធានក្លិប បានធ្វើការពិភាក្សាគ្នាលើបញ្ហានេះ។ Man City បានធ្វើការពិភាក្សាជាមួយនឹង Sanchez និងលោក Felicevich តាំងពីមុនពេលរដូវក្តៅមុនមកម្ល៉េះ។ ប៉ុន្តែ វាត្រូវបានគេយល់ឃើញថា ទាំង Sanchez និងលោក Felicevich បានបង្កើនការទាមទាររបស់ពួកគេកាលពីចុងសប្តាហ៍មុន៕
ប្រភព៖ The Guardian