វេលស៍ បានតែងតាំងអតីតខ្សែបម្រើស្លាបរបស់ក្លិប Manchester United លោក Ryan Giggs ជាអ្នកចាត់ការទូទៅរបស់ពួកគេ ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ។ នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់វេលស៍ (FAW) កាលពីថ្ងៃចន្ទ។

គ្រូបង្វឹកវ័យ ៤៤ឆ្នាំរូបនេះ នឹងចូលកាន់តំណែងបន្ទាប់ពីលោក Chris Coleman ដែលបានដឹកនាំឲ្យក្រុមជម្រើសជាតិវេលស៍ ឈានទៅប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាកចេញពីការងារនេះកាលពីខែវិច្ឆិកា ដើម្បីទៅដឹកនាំក្លិប Sunderland ដែលលេងក្នុងក្របខ័ណ្ឌលំដាប់ទី២ របស់អង់គ្លេស Championship។

លោក Giggs បានបង្ហាញខ្លួនជាអន្តរជាតិចំនួន ៦៤លើកនៅចន្លោះឆ្នាំ១៩៩១ និងឆ្នាំ២០០៧ ប៉ុន្តែ មិនមានប្រជាប្រិយភាពសម្រាប់អ្នកគាំទ្រនៃក្រុមជម្រើសជាតិវេលស៍មួយចំនួនឡើយ ដោយសារតែបានអវត្តមានក្នុងការប្រកួតអន្តរជាតិជាច្រើន ជាពិសេសការប្រកួតមិត្តភាព។ រូបគេបានបញ្ចប់អាជីពជាកីឡាកររបស់គេកាលពីឆ្នាំ ២០១៤ និងបានធ្វើជាគ្រូបង្វឹកជំនួយរបស់លោក Louis van Gaal នៅឯក្លិប Man United អស់រយៈពេល ២រដូវកាល នៅមុនពេលចាកចេញពីកីឡដ្ឋាន Old Trafford កាលពីឆ្នាំ២០១៦ ក្រោយពីលោក Jose Mourinho ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅ។

លោក Jonathan Ford នាយកប្រតិបត្តិរបស់ FAW បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងពិតជារំភើបណាស់ក្នុងការឃើញថា Ryan ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិ។ ជាមួយនឹងការមានបទពិសោធជាច្រើនក្នុងនាមជាកីឡាករ និងធ្លាប់បានធ្វើជាគ្រូបង្វឹក និងជាអ្នកចាត់ការទូទៅរបស់ក្លិបដ៏ធំបំផុតក្នុងពិភពលោក យើងពិតជាជឿជាក់ទៅលើភាពជោគជ័យទៅថ្ងៃអនាគតសម្រាប់ក្រុមជម្រើសជាតិរបស់យើង»៕

ប្រភព៖ Channel News Asia