ក្លិប Arsenal កំពុងតែពោរពេញដោយការជឿជាក់ទៅលើការនាំយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្លិប Borussia Dortmund ក្រោយពីបានរៀបចំការពិភាក្សាផ្សេងៗជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Bundesliga មួយនេះ ខណៈដែលពួកគេត្រៀមខ្លួន ពេលគ្មានខ្សែប្រយុទ្ធ Alexis Sanchez។

ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ រំពឹងទុកថា នឹងបាត់បង់តារាឆ្នើមអន្តរជាតិស៊ីលី Sanchez នៅសប្តាហ៍នេះ ខណៈដែលក្លិប Manchester United អាចជាគោលដៅរបស់កីឡាកររូបនេះ។ ស្របពេលជាមួយគ្នានេះ Arsenal កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការផ្ទេរខ្សែប្រយុទ្ធវ័យក្មេងរបស់ប្រេស៊ីល Malcom ពីក្លិប Bordeaux ក្នុងតម្លៃខ្លួន៤០លាន (ស្មើនឹង៥៥លានដុល្លារអាមេរិក)។ ប៉ុន្តែស្របពេលដែល Theo Walcott ក៏នឹងត្រូវចាកចេញពីកីឡដ្ឋាន Emirates នៅខែនេះដែរនោះ ដើម្បីទៅកាន់ក្លិប Everton ក្លិប Arsenal បានប្តូរការចាប់អារម្មណ៍របស់គេទៅកាន់ការបន្ថែម Aubameyang ចូលក្នុងក្រុមរបស់ពួកគេ។ ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះ កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អនៅអាល្លឺម៉ង់ ដោយរកបាន ១៤១គ្រាប់ ក្នុងការបង្ហាញខ្លួន ២១២លើក បើទោះបីមានបញ្ហានៅក្រៅទីលានជាមួយនឹង Dortmund ក៏ដោយ។

Dortmund កំពុងតែត្រៀមលក់ Aubameyang វ័យ២៨ឆ្នាំ ដែលត្រូវបានលុបឈ្មោះចេញពីក្រុមជម្រើសដំបូង សម្រាប់ការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Wolfsburg កាលពីចុងសប្តាហ៍មុន សម្រាប់ការដាក់ពិន័យ ក្រោយពីរូបគេបានអវត្តមានក្នុងកិច្ចប្រជុំរបស់ក្រុម ប៉ុន្តែ អាចនឹងទាមទារតម្លៃខ្លួនដល់ទៅ៦០លានអឺរ៉ូ (ស្មើនឹង៧៣,៥លានដុល្លារអាមេរិក)៕

ប្រភព៖ The Guardian