ខ្សែប្រយុទ្ធ Ousmane Dembele បានរងរបួសសារជាថ្មីកំលុងពេលប្រកួតក្រុម Barcelona យកឈ្នះក្រុម Real Sociedad កាលពីថ្ងៃអាទិត្យដោយលទ្ធផល ៤:២។ ក្លឹបអ្នកមានបុណ្យបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា៖ ក្រុមមិនមានអ្វីត្រូវនិយាយ លំអិតអំពីបញ្ហារបួសថ្មីក្រោយពី Dembele ធ្លាប់បានរងរបួសសរសៃពួរនិង វះកាត់ម្តងរួចមកហើយកាលពីដើមរដូវកាល ស្របពេលស្ថានភាពរបស់អតីតខ្សែប្រយុទ្ធក្រុម Dortmund ត្រូវបានក្រុម Barcelona អោយដឹងថាកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះនិងអវត្តមានរហូតដល់ ៤សប្តាហ៏។

នៅក្នុងការចុះផ្សាយលើគេហទំព័រផ្លូវការរបស់ក្រុមបានបញ្ជាក់បន្ថែមថា៖ ទោះបីជាយើងទទួលបានជ័យជំនះនៅកីឡាដ្ឋាន Anoeta ប៉ុន្តែវាជាពត៌មានដ៏អាក្រក់សម្រាប់របួសសារជាថ្មីដែលជាស្រមោលអន្ទោលតាមប្រាណរបស់ Dembele ។

ក្រោយពីបញ្ចប់ការប្រកួតទល់និងក្រុមម្ចាស់ផ្ទះ Dembele មានបញ្ហារបួសមួយជើងខាងឆ្វេង ហើយបន្ទាប់ពីលទ្ធផលធ្វើតេស្ត៏របស់ក្រុមគ្រូពេទ្យប្រចាំក្លឹបបានអោយដឹងថា របួសសរសៃពួរសាច់ដុំ(Harmstring) បានកើតមានឡើងជាថ្មី ប៉ុន្តែមិនមែនរបួសចាស់ដែលរូបគេធ្លាប់បានវះកាត់កាលពីដើមរដូវកាលនោះទេ ហើយបញ្ហានេះ ត្រូវការពេលវេលាសម្រាប់ព្យាបាលយ៉ាងតិចក៏ ៣ ទៅ ៤ សប្តាហ៏។

Dembele វ័យ២០ឆ្នាំបានខកខានបង្ហាញខ្លួនអោយក្រុម Barcelona 4សប្តាហ៏គិតចាប់តាំងពីរដូវកាលថ្មីនេះ ក្រោយផ្ទេរពីក្រុម Dortmund ក្នុងតម្លៃទឹកប្រាក់ ១០៥លានយូរ៉ូស្មើនឹង១៤០លានដុល្លា។