តារាឆ្នើមជិតមួយទសវត្ស Cristiano Ronaldo របស់ក្រុមស្តេចស Real Madrid បានបង្ហាញអារម្មណ៏មិនសប្បាយចិត្តនោះទេ ជាមួយការមិនយកចិត្តទុកដាក់អើពើក្នុងការបន្ត កិច្ចសន្យាថ្មីពីសំណាក់អាណាព្យាបាល គឺក្រុមការពារជើងឯក La Liga មួយនេះ ហើយចាត់ទុកថាវាជាអំពើបោកប្រាស់រូបគេ។ យោងគេហទំព័រកីឡាអេស្បាញ AS បានចុះផ្សាយថា៖ ខ្សែប្រយុទ្ធឆ្នើមវ័យ ៣២ឆ្នាំរូបនេះ បានប្រាប់មិត្តរួមក្រុមថារូបគេចង់វិលត្រលប់ទៅកាន់ទ្រនំចាស់ដែលធ្លាប់សាងភាពល្បីល្បាញដល់រូបគេ គឺម្ចាស់ជើងឯកអង់គ្លេស ១៣សម័យ Man.United។ ទោះបីជារូបគេធ្លាប់បានប្រកាសប្រាប់ថាចង់នៅរួមរស់ជាមួយក្រុម Real Madrid រហូត ១០ឆ្នាំទៀត ហើយអាចនឹងបញ្ចប់អាជីពជាមួយក្រុមនៅកីឡាដ្ឋាន Estadio Santiago Bernabeu ស្របពេលកិច្ចសន្យារបស់ Ronaldo និងអស់សុពលភាពនៅឆ្នាំ២០២១។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ ៣២ឆ្នាំរូបនេះ បានចំណាយពេល ៦រដូវកាលជាមួយក្រុម Man.United និងជួយក្រុមឈ្នះពាន Premier League 3ដង ព្រមទាំងឈ្នះពានបាល់មាសលើកដំបូងនៅឆ្នាំ២០០៨ ជាមួយក្រុមផងដែរ។

ប៉ុន្តែនៅឆ្នាំ២០០៩ Ronaldo បានសម្រេចចិត្តចូលរួមជាមួយក្រុមស្តេចស Real Madrid ក្នុងតម្លៃ ៨០លានផោន និងបន្តលេងអោយក្រុមរហូតមកដល់ពេលបច្ចុប្បន្នជាមួយការឈ្នះពាន La Liga ២ដង Champion League ៣ដង និងពានបាល់មាស(Ballon D’or)៤ដងផងដែរ។

រដូវកាលថ្មី(២០១៧-២០១៨)នេះ Ronaldo ពិតជាខ្សត់គ្រាប់បាល់បញ្ចូលទី និងរកបានត្រឹមតែ ៤គ្រាប់ប៉ុណ្ណោះសម្រាប់ ក្រុមជើងឯក La Liga ខណៈដែលប្រធានក្លឹបលោក Florentino Perez ធ្លាប់បានប្រកាសថា៖ និងបន្តកិច្ចសន្យាអោយ Ronaldo បន្ថែមទៀត ក្រោយពីជ័យជំនះផ្តួលក្រុម Juventus ដោយលទ្ធផល ៤:១ នាវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Champion League កាលពីឆ្នាំមុន ប៉ុន្តែមកដល់ពេលនេះក្រុមមិនមានផែនការសម្រាប់បន្តកិច្ចសន្យាបន្តគិតចាប់តាំងពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦នោះទេ។ ទំនាក់ទំនងរបស់ Real Madrid និង Ronaldo កើតមានការប្រេះឆានិងគ្នាក្រោយពីក្រុមធ្លាប់មានចេតនា ប៉ុន្តែបរាជ័យមិនអាចនាំយក Kilyan Mbappe មករួមក្រុម និងបច្ចុប្បន្ន កំពុងបង្ហាញការចង់បានខ្សែប្រយុទ្ធ Neymar មករួមក្រុមធ្វើអោយទំនាក់ទំនងរបស់ Ronaldo និងក្រុមហាក់កាន់តែឃ្លាតឆ្ងាយបន្តិចម្តងៗ។

Man.United កំពុងស្ថិតយ៉ាងប្រកៀកក្នុងការនាំយកខ្សែប្រយុទ្ធ Alexis Sanchez របស់ Arsenal ខណៈអតីតខ្សែប្រយុទ្ធឆ្នើម Ronaldo រូបនេះ នៅតែស្ថិតនៅក្នុងការចង់បានវិលមក រកភាពជួបជុំគ្នាសារជាថ្មីវិញពីសំណាក់ក្រុមនិងអ្នកគាំទ្រ។

ប្រភព៖ thesun