ខ្សែប្រយុទ្ធ Theo Walcott របស់ក្លិប Arsenal កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការផ្ទេរក្នុងតម្លៃខ្លួន ២០លានផោន (ស្មើនឹង២៨លានដុល្លារអាមេរិក) ទៅកាន់ក្លិប Everton ក្រោយពីបានធ្វើដំណើរទៅកាន់ទីក្រុង Merseyside ដើម្បីពិនិត្យសុខភាព ខណៈដែលលោក Sam Allardyce គ្រូបង្វឹករបស់ក្រុមទូកក្តោងមួយនេះ ព្យាយាមពង្រឹងជម្រើសក្នុងតំបន់ប្រយុទ្ធរបស់លោក។

បណ្តាញសារព័ត៌មាន Press Association របស់ចក្រភពអង់គ្លេស បានចេញផ្សាយថា កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានចូលរួមក្នុងការហ្វឹកហាតនៅលើទីលាន Finch Farm របស់ក្លិប Everton កាលពីថ្ងៃអង្គារ ដើម្បីពិនិត្យសុខភាពភាពរឹងមាំរបស់គេ និងបំពេញលក្ខខណ្ឌផ្សេងៗ។ កាលពីសប្តាហ៍មុន លោក Allardyce បានឲ្យដឹងថា៖ «ល្បឿនរបស់គេ គឺជាចំណុចមួយនៃភាពខ្លាំងរបស់គេ ដែលយើងខ្វះក្នុងក្រុមនេះ។ យើងខ្វះគ្រាបបាល់ ហេតុនេះ ការបន្ថែមភាពខ្លាំងលើសមត្ថភាពនៃការរកគ្រាប់បាល់របស់យើង គឺជាដ៏សំខាន់សម្រាប់ខ្ញុំ»។

Walcott ដែលបានស៊ុតបាល់បញ្ចូលទី១០៨គ្រាប់ ក្នុងការប្រកួត៣៩៧លើកសម្រាប់ក្រុម Arsenal នោះ គឺជាកីឡាករក្រៅតម្រូវការ នៅឯកីឡដ្ឋាន Emirates ក្រោយពីបានបង្ហាញខ្លួនត្រឹមតែ១៦លើកគត់នៅរដូវកាលនេះ។ រូបគេមិនធ្លាប់បានបង្ហាញខ្លួនក្នុងជម្រើសទាំង១១នាក់ដំបូងក្នុងក្របខ័ណ្ឌ Premier League បើគិតចាប់តាំងពីខែមេសា។ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ក្នុងរយៈពេល២៤ម៉ោងទៀត Walcott ជាកីឡាករលេងឲ្យក្លិប Arsenal យូរជាងគេបំផុត នឹងក្លាយជាកីឡាករចំណូលថ្មីទី២របស់លោក Allardyce ក្នុងពេលបើកទីផ្សារដោះដូរកីឡាករពេលនេះ ក្រោយពីការនាំយកខ្សែប្រយុទ្ធ Cenk Tosun ក្នុងតម្លៃខ្លួន២៨លានផោនពីក្លិប Besiktas៕