កំពូលកីឡាករ Ronaldinho ដែលជាខ្សែរប្រយុទ្ធឆ្នើមបំផុតបានប្រកាសចូលនិវត្តន៍ពីការលេងបាល់ទាត់អាជីពយ៉ាងគួរឲ្យសោកស្ដាយក្នុងវ័យ៣៧ឆ្នាំ។
ខ្សែប្រយុទ្ធដែលមានឥទ្ធិពលបំផុតកាលពីអតីតកាលគ្មានក្លឹបលេងតាំងពីឆ្នាំ២០១៥មកម្ល៉េះ តែយ៉ាងណារូបគេទើបតែដាច់ចិត្តប្រកាសលាឈប់ពីបាល់នៅថ្ងៃម្សិលមិញ។ ដំណឹងនេះដឹងតាមរយៈលោក Roberto Assis ជាបងប្អូនបង្កើត និងជាភ្នាក់ងារផ្ទាល់របស់ Ronaldinho។
តារាឆ្នើមដែលគេចាត់ទុកជាវីរបុរសប្រេស៊ីលចាប់ផ្ដើមអាជីពបាល់ទាត់ជាមួយក្លឹប Gremio មុនផ្ទេរទៅ Paris St-Germain ក្នុងឆ្នាំ២០០១។ ចាកចេញពីបារាំងកីឡាកររហស្សនាមថាមុខសេះបានរួមរស់ជាមួយ Barcelona ៥ឆ្នាំ មុនចាកចេញទៅ AC Milan ហើយក្រោយមករសាត់អណ្ដែតដល់ក្លឹបមួយចំនួនដូចជា Atletico Mineiro, Queretaro និង Fluminense។
ជាកីឡាករដែលសំបូរបច្ចេកទេសបណ្ដើរបាល់ Ronaldinho បានឈ្នះពានធំៗជាច្រើនក្នុងអាជីពដូចជា World Cup, La Liga, Champions League, Serie A ពិសេសគឺពានកីឡាករឆ្នើមពិភពលោក Ballon d’Or៕
ប្រភពពី: Sabay