ខ្សែបម្រើ-ប្រយុទ្ធស្លាបស្តាំ Theo Walcott បានសម្រេចចិត្តចាកចេញពីក្រុមដែលរូបគេចំណាយពេលជិត ១២រដូវកាលដើម្បីទៅចូលរួមជាមួយក្រុម Everton ដែលមានគ្រូបង្វឹកលោក Sam Alladyce កំពុងដឹកនាំក្នុងតម្លៃ ២០លានផោន។ ការប្រកាសជាផ្លូវការណ៏និងធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ស្របពេលសាមីខ្លួនកំពុងរៀបចំ និងពិនិត្យសុខភាពអោយបានជោគជ័យមុននិងការផ្ទេរនេះកើតមានឡើង។

ការចាកចេញរបស់ Theo Walcott ត្រូវបានមជ្ឈដានបាល់ទាត់មើលឃើញថា៖ ជាឪកាស និងគំនិតសុទិដ្ឋិនិយមរបស់ អតីតគ្រូបង្វឹកអង់គ្លេសលោក Alladyce បានបញ្ចុះបញ្ចូលខ្សែបម្រើរូបនេះ ដើម្បីផ្លាស់មកកីឡាដ្ឋាន Goodision Park ជំនួសអោយការវិលត្រលប់ទៅក្លឹបចាស់គឺ Southampton វិញ។ លោកAlladyce មានគោលបំណងចង់ ស្រោចស្រង់ទម្រង់លេង និងផ្តល់ពេលវេលាគ្រប់គ្រាន់មួយដល់ Walcott ដើម្បីមានឪកាសបញ្ចេញសមត្ថភាព ក្នុងជម្រើស ១១នាក់ដំបូង បន្ទាប់ពីខកខាន និងបាត់បង់ឪកាសចូលលេងអោយក្រុម Arsenal គិតចាប់តាំងពីខែមេសា ២០១៧មក។

Walcott ធ្លាប់មានឪកាស និងទទួលបានទំនុកចិត្តក្នុងការបញ្ចេញទេពកោសល្យអោយក្រុមជម្រើសជាតិអង់គ្លេស ក្រោមការដឹកនាំរបស់លោក​ Alladyce កន្លងមក។ ដូច្នេះការសម្រេចមកចូលរួមជាមួយក្រុម Everton ក្នុងតម្លៃពលកម្មនឿយហត់ ១៤០០០០ផោន/សប្តាហ៏(កិច្ចសន្យាបន្តពីក្លឹបArsenal)នេះ គឺជាការស្រោចស្រង់ឪកាស សម្រាប់ Walcott ក្នុងការបង្ហាញវត្តមានសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសក្រោមការដឹកនាំ របស់គ្រូបង្វឹកលោក Gareth Southgate សម្រាប់យុទ្ធនាការទៅកាន់ World Cup 2018 នាប្រទេសរុស្សីនាពេលខាងមុខផងដែរ។

គ្រូបង្វឹក Arsenal លោក Arsene Wenger បានស្នើសុំអោយ Walcott បន្តលេងអោយក្រុមរហូតដល់បំណាច់រដូវកាលនេះ ប៉ុន្តែកីឡាករវ័យ ២៨ឆ្នាំរូបនេះសម្រេចចិត្តចាកចេញដើម្បីស្វែងរក ជម្រើស ១១នាក់ដំបូងពិតប្រាកដគោលដៅរក្សានិរន្តរភាពក្នុងកីឡាបាល់ទាត់នេះបន្តទៀត ក្រោយពីការសម្លឹងឃើញអតីតមិត្តរួមក្រុម Chamberlain បានសម្រេចចិត្តចាកចេញពីក្រុម Arsenal ទៅចូលរួមជាមួយក្រុម Liverpool ហើយបច្ចុប្បន្ននេះ Chamberlain មានក្តីសប្បាយរីករាយនឹងលេងអោយក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹក Liverpool លោក Jurgen Klopp ផងដែរនោះ។

ប្រភព៖ mirror