ក្លឹបបាល់ទាត់ Everton បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេស Theo Walcott ពីក្លិប Arsenal ក្នុងការផ្ទេរមួយដែលមានតម្លៃខ្លួន២៥លានផោន (ស្មើនឹង៣៤លានដុល្លារអាមេរិក) កាលពីថ្ងៃពុធ។

Walcott បានធ្លាក់ចេញពីការចាប់អារម្មណ៍របស់លោក Arsene Wenger គ្រូបង្វឹករបស់ក្រុម Arsenal សម្រាប់ការប្រកួតជាច្រើននៅរដូវកាលនេះ ហើយរូបគេបានសម្រេចចិត្តផ្ទេរទៅកាន់កីឡដ្ឋាន Goodison Park ដើម្បីព្យាយាមសង្គ្រោះអាជីពរបស់គេត្រឡប់មកវិញ។ ខ្សែបម្រើស្លាបវ័យ២៨ឆ្នាំរូបនេះ បានបង្ហាញខ្លួនត្រឹមតែ១៦លើកគត់សម្រាប់ក្រុម Arsenal ក្នុងរាល់យុទ្ធនាការទាំងអស់នៅរដូវកាលនេះ និងបានចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូងជាលើកចុងក្រោយនៃក្របខ័ណ្ឌ Premier League សម្រាប់ក្រុមកាំភ្លើងធំ កាលពីខែមេសា។

ក្រោយពីបានចុះហត្ថលេខាលើកុងត្រារយៈពេល៣ឆ្នាំកន្លះ Walcott បានឲ្យដឹងថា៖ «វាមានរឿងជាច្រើនទាក់ទងនឹងការផ្ទេរនេះ ដែលខ្ញុំមានអារម្មណ៍ថាល្អ។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាវាដល់ពេលសម្រាប់ខ្ញុំក្នុងការផ្លាស់ប្តូរហើយ។ វាជារឿងសោកសៅ ប៉ុន្តែវាជារឿងដ៏រំភើបស្របពេលជាមួយគ្នានេះ ហើយខ្ញុំចង់សង្គ្រោះអាជីពរបស់ខ្ញុំត្រឡប់មកវិញ និងជួយឲ្យក្រុម Everton ទទួលជ័យជម្នះដូចដែលពួកគេធ្លាប់បានធ្វើកាលពីមុន»។

Walcott បានស៊ុតបាល់បញ្ចូលទី១០៨គ្រាប់ ក្នុងការប្រកួត៣៩៧លើកសម្រាប់ក្រុម Arsenal ចាប់តាំងពីចូលរួមជាមួយនឹងពួកគេពីក្លិប Southampton កាលពីឆ្នាំ២០០៦៕

ប្រភព៖ Channel News Asia