បណ្តាញសារព័ត៌មានជាច្រើនកាលពីថ្ងៃម្សិលមិញ បានចេញផ្សាយថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្លិប Borussia Dortmund បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចជាស្រេចជាមួយនឹងក្រុមកាំភ្លើងធំ Arsenal នៅមុនពេលការផ្ទេរក្នុងតម្លៃខ្លួន ៦០លានផោន (ស្មើនឹង៨៥,២លានដុល្លារអាមេរិក) ទៅកាន់កីឡដ្ឋាន Emirates។

Aubameyang នឹងក្លាយជាអ្នកជំនួសកន្លែងរបស់ Alexis Sanchez នៅឯ Arsenal ស្របពេលដែលខ្សែប្រយុទ្ធអន្តរជាតិស៊ីលីរូបនេះ នឹងត្រូវចូលរួមជាមួយនឹងក្លិប Manchester United។ ស្របពេលជាគ្នានេះ លោក Moreno ដែលជាអ្នកអធិប្បាយតាមទូរទស្សន៍ បានបញ្ជាក់ថា Aubameyang ត្រូវតែចាកចេញពីក្លិប Dortmund ហើយ Arsenal នឹងក្លាយជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះ។

លោក Moreno បានប្រាប់ទូរទស្សន៍ ESPN ថា៖ «រូបគេហាក់កំពុងតែឃ្លាតឆ្ងាយបន្តិចនៅពេលនេះ។ អ្វីដែលច្បាស់នោះគឺថា គេមិនបង្ហាញខ្លួនឲ្យទាន់ម៉ោងក្នុងពេលហ្វឹកហាត់។ រូបគេត្រូវបានពិន័យដោយក្លិប រូបគេចង់ចាកចេញ ហើយ Dortmund ក៏ចង់ចែកផ្លូវជាមួយនឹង Aubameyang ផងដែរ»។ កាសែតដដែលបានបញ្ជាក់ថា លោក Pierre ដែលជាឪពុក និងជាភ្នាក់ងារតំណាងឲ្យ Aubameyang កំពុងតែស្ថិតក្នុងទីក្រុងឡុងដ៍ ដើម្បីពិភាក្សាការផ្ទេរដែលអាចទៅរួចមួយ ជាមួយនឹង Arsenal។ Aubameyang បានរកគ្រាប់បាល់បញ្ចូលទី ២១គ្រាប់ ក្នុងការប្រកួត ២៣លើកក្នុងរាល់យុទ្ធនាការទាំងអស់ក្នុងរដូវកាលនេះ ហើយរូបគេគឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុន តាមរយៈការរកបាន ៣១គ្រាប់៕

ប្រភព៖ Daily Star