ខ្សែការពារកណ្តាលក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Gerard Pique បានយល់ព្រមបន្តកិច្ចសន្យាថ្មីនៅកីឡាដ្ឋាន Camp Nou រហូតដល់ឆ្នាំ២០២២(៤ឆ្នាំកន្លះ) ជាមួយតម្លៃទិញផ្តាច់កុងត្រារហូតដល់ ៥០០លានយូរ៉ូស្មើនឹង ៤៤១លានផោន ប្រសិនបើក្រុមយក្សមួយណាចង់បានកីឡាករក្រុមជម្រើសជាតិអេស្បាញ រូបនេះទៅរួមក្រុមនោះ។

កីឡាករវ័យ ៣០ឆ្នាំរូបនេះបានលូតលាស់ចេញពីថ្នាល់យុវជនក្រុម Barcelona ធ្លាប់ចំណាយពេល ៤ឆ្នាំលេងអោយក្រុមបិសាចក្រហម Man.United និងបានចាកចេញពី Manchester United ត្រឡប់មក FC Barcelona វិញកាលពីឆ្នាំ២០០៨ ។

ក្រោយបង្ហាញខ្លួនអោយក្រុមនៅតំបន់ Catalan ជិត ១ទសវត្ស Pique បានជួយក្រុមលើកពាន La Liga ៦ដង ពាន Champion League ៤ដង និងពាន Copa del Reys ៥ដង ព្រមទាំង Club World Cups ៣ដង ផងដែរ។ សម្រាប់ក្រុមជម្រើសជាតិរូបគេបានបង្ហាញខ្លួនអោយអេស្បាញបាន ៩៤ប្រកួត គិតចាប់តាំងពីឆ្នាំ២០០៩ និងជាសមាជិកដែលបានជួយក្រុមលើកពាន World Cup ២០១០ និងពានរង្វាន់ទ្វីបអឺរ៉ុបកាលពីឆ្នាំ២០១២ ផងដែរ។