កីឡាករកម្ពុជា រិន សារ័ត្ន បានបង្ហាញពីភាពជឿជាក់ ក្នុងការយកឈ្នះលើអ្នកប្រយុទ្ធរបស់ឥណ្ឌូនេស៊ី Sunoto Peringkat សម្រាប់ការប្រកួតយុទ្ធគុនចម្រុះ (MMA) នៃព្រឹត្តិការណ៍ ONE: Kings Of Courage ដែលនឹងត្រូវធ្វើ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី នាយប់ថ្ងៃសៅរ៍ ស្អែកនេះ។\

ការជួបគ្នារវាងកីឡាករកម្ពុជា រិន សារ័ត្ន និងកីឡាករម្ចាស់ផ្ទះ Sunoto បានក្លាយជាការប្រកួត ដែលមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់ឥណ្ឌូនេស៊ី ព្រោះក្នុងសន្និសីទកាសែត នៅទីក្រុង Jakarta កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ អ្នកទាំង២នេះ សុទ្ធតែបានបង្ហាញភាពជឿជាក់រឿងខ្លួនៗ ក្នុងការទទួលបានជ័យជម្នះ ដើម្បីលើកមុខមាត់ក្បាច់គុនឲ្យប្រទេសរបស់ពួកគេ។

កីឡាករ Sunoto បាននិយាយថា៖ «ខ្ញុំនឹងប្រើបច្ចេកទេស ដើម្បីយកឈ្នះគេ (រិន សារ័ត្ន) គឺខ្ញុំនឹងព្យាយាមយកឈ្នះគេឲ្យបាន ដើម្បីមុខមាត់របស់ប្រទេសឥណ្ឌនេស៊ី»។

ការប្តេជ្ញាចិត្តរបស់ Sunoto បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយ និងមន្រ្តីកីឡារបស់ឥណ្ឌូនេស៊ី ដែលបានចូលរួម ក្នុងសន្និសីតកាសែត មានការចាប់អារម្មណ៍ខ្លាំង និងបានទះដៃអបអរដល់ភាពជឿជាក់របស់គេ ព្រោះ សម្រាប់ការប្រកួត ONE Championship នៅ Jakarta នេះ កាលពីខែមករា ឆ្នាំ២០១៧ Sunoto ធ្លាប់បានផ្តួលកីឡាករកម្ពុជា ចាន់ ហេង ឲ្យសន្លប់ក្នុងទឹកទី១ ដើម្បីបំពេញការប្តេជ្ញាចិត្តរបស់គេម្តងហើយ។

នៅពេលរំឭកដល់ការចាញ់របស់ ចាន់ ហេង កីឡាករ រិន សារ័ត្ន បាននិយាយថា៖ «ការប្រកួតជាមួយកីឡាករម្ចាស់ផ្ទះ វាមានការលំបាកដែរ ព្រោះគាត់ល្អ និងមានបច្ចេកទេសពូកែខាងចាប់ក្រោម ប៉ុន្តែខ្ញុំក៏បានហ្វឹកហាត់ដើម្បីការពារក្បាច់ទាំងនោះដែរ ហើយខ្ញុំក៏មានក្បាច់ក្លេ សម្រាប់សងទៅលើគាត់វិញដែរ»។

រិន សារ័ត្ន បានបញ្ជាក់បន្ថែម ក្រោយសន្និសីទកាសែតថា៖ «គេប្តេជ្ញាចិត្តយកឈ្នះខ្ញុំ ដើម្បីប្រទេសរបស់គេ ចំណែកខ្ញុំក៏នឹងប្រឹងប្រែង ផ្តួលរូបគេ ដើម្បីលើកមុខមាត់ក្បាច់គុនខ្មែរ ឲ្យពិភពលោក បានឃើញ តាមរយៈព្រឹត្តិការណ៍នេះផងដែរ»។

កីឡាកររបស់កម្ពុជា រិន សារ័ត្ន ដែលខានប្រកួត ONE Championship តាំងពីឆ្នាំ២០១៥ មកនោះ បានបញ្ជាក់ថា៖ «បើទោះបីជា ខ្ញុំខានប្រកួតយូរ ប៉ុន្តែតាមរយៈការហ្វឹកហាត់ជាមួយលោកគ្រូ ហ៊ុន ចាន់រាជ នឹងការប្រកួតសមជាមួយសិស្សរួមក្លិប ធ្វើឲ្យខ្ញុំមានទំនុកចិត្តច្រើន សម្រាប់ការប្រកួតនេះ គឺខ្ញុំមានសង្ឃឹមឈ្នះរហូតដល់៧០ភាគរយ ហើយក្បាច់ដែលខ្ញុំសង្ឃឹមខ្លាំង គឺការក្លេ នេះតែម្តង ព្រោះគូប្រកួតរបស់ខ្ញុំ ប្រហែលជាមិនចាប់អារម្មណ៍ ចំពោះការក្លេសងទៅវិញរបស់ខ្ញុំទេ»។

ចំណែក ការជួបគ្នារវាងកីឡាការិនី Tiffany Teo មកពីសិង្ហបុរី និងកីឡាការិនីរបស់ចិន Jing Nan Xiong បានក្លាយជាការប្រកួតសំខាន់ជាងគេ ព្រោះនេះជាការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ផ្នែកនារី ក្នុងទម្ងន់ចន្លោះពី៥២,៣ ទៅ៥៦,៧គីឡូក្រាម ប្រចាំព្រឹត្តិការណ៍ ONE: King Of Courage នេះ ខណៈអ្នកទាំង២នេះ សុទ្ធតែបានបង្ហាញពីភាពជឿជាក់រៀងៗខ្លួន ក្នុងការឈ្នះបានខ្សែក្រវាត់នេះ៕