អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានបង្ហើបប្រាប់អោយដឹងថាៈ ដំណើរការ នៃការផ្ទេរខ្សែប្រយុទ្ធ Alexis Sanchez ទៅកាន់ក្រុមប្រជែងលីកគឺបិសាចក្រហម Man.United គឺជារឿងគួរអោយឈឺចាប់ តែតិចជាងករណីផ្ទេរអតីតកូនក្រុម Robin Van Persie កាលពីឆ្នាំ២០១២ ទៅកាន់កីឡាដ្ឋាន Old Trafford ទៅទៀត។ ខ្សែប្រយុទ្ធ Alexis Sanchez វ័យ២៩ រំពឹងថា នឹងចាកចេញពីក្រុមនាពេលឆាប់ៗនេះក្នុងតម្លៃខ្លួន ៣៥លានផោន។

Van Persie បានចាកចេញពីក្រុមក្រោយចំណាយពេល ៨ឆ្នាំ និងជាកីឡាករទី៨ ក្នុងចំណោមកីឡាករដែល រកបានគ្រាប់បាល់ច្រើនបំផុតអោយក្រុម Arsenal គឺចំនួន ១៣២គ្រាប់។ កីឡាករសញ្ជាតិហូឡង់ Van Persie បានផ្លាស់ទៅលេងអោយក្រុម Man.United កាលពីឆ្នាំ២០១២ និងបានជួយក្រុមលើកពានសម្រាប់រដូវកាល (២០១២-២០១៣) និងជាពេលវេលាដែលកំពូលគ្រូបង្វឹក Sir Alex ferguson ប្រកាសចូលនិវត្តន៏ពីការដឹកនាំក្រុមផងដែរ។ ចំណាយពេលជិត ៣រដូវកាលជាមួយក្រុម Man.United Van Persie រកបានគ្រាប់បាល់សរុប ៤៨គ្រាប់ ក្នុងការបង្ហាញខ្លួនអោយក្រុម ៧៨ប្រកួត មុនពេលដែលរូបគេផ្លាស់ទៅលេងទៅ Fenerbahce នាឆ្នាំ២០១៥។

យោងគេហទំព័រ The Guardian បានដកស្រង់សម្តីលោក Wenger បន្តថាៈ យើងបានយក Persie មកបណ្តុះបណ្តាលនៅពេលដែលរូបគេលេងជាកីឡាករបម្រុងប៉ុណ្ណោះអោយក្រុម Feyenoord ហើយយើងបានបណ្តុះបណ្តាលរូបគេជាច្រើនឆ្នាំ រហូតឈានដល់ចំនុចកំពូល។ ប៉ុន្តែទីបំផុតរូបគេបានចាកចេញ ហើយធ្វើបានយ៉ាងល្អ សម្រាប់ក្រុមដទៃទៀត។ ដូចគ្នានេះដែរ Sanchez បានផ្ទេរពីក្រុម Barcelona មកកាន់ Emirate Stadium នៅឆ្នាំ២០១៤ ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ៨០គ្រាប់ហើយសម្រាប់ Arsenal។

គ្រូបង្វឹកសញ្ជាតិបារាំងដែលចូលមកដឹកនាំក្រុម Arsenal ២១ឆ្នាំកន្លងមករូបនេះ បន្តថាៈ ខ្ញុំបានធ្វើការងារលើការទិញដូរកីឡាករ ៣០ឆ្នាំមកហើយ ដូច្នេះការផ្លាស់ប្តូរ វាមិនមាននរណាអាចធានា បានឡើយកំលុងរយៈពេល ២៤ ទៅ ៤៨ម៉ោងខាងមុខនេះ ថាយើងមិនដឹងមានរឿងអ្វីកើតឡើងនោះទេ។ ក្រុម Arsenal ទើបតែទទួលជ័យជំនះដោយការផ្តួលក្រុម Crystal Palace ដោយលទ្ធផល ៤:១ កាលពីថ្ងៃសៅរ៏សប្តាហ៏កន្លងទៅនេះ។

ប្រភព៖ squawka