គ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp នឹងអនុញ្ញាតិអោយខ្សែប្រយុទ្ធ Daniel Sturridge ចាកចេញពីក្រុមទៅកាន់ក្លឹបផ្សេងទៀតនៅរយៈពេលទីផ្សារដោះដូរកីឡាករកំពុងដំណើរការរយៈពេលជិតមួយខែនេះ ដោយយោងតាមគេហទំព័រ Sky នៅប្រទេសអ៊ីតាលីបានចុះផ្សាយ។

Sturridge បង្ហាញខ្លួនអោយ Liverpool បាន ១៣៣ប្រកួត និងរកគ្រាប់បាល់បាន ៦៣គ្រាប់ ក្រោយផ្លាស់ពីក្រុម Chelsea មក Anfield កាលពីឆ្នាំ២០១៣។ កីឡាករវ័យ វ័យ ២៨ឆ្នាំរូបនេះ មានការចាប់អារម្មណ៏ ក្នុងលក្ខ័ណ្ឌខ្ចីជើងពីក្រុមយក្សអ៊ីតាលី Inter Milan ខណៈក្រុម Sevilla នៅក្របខណ្ឌ La Liga របស់អេស្បាញ ក៏បង្ហាញការចាប់អារម្មណ៏ចង់ខ្ចីជើងខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះ មករួមក្រុមផងដែរ ប៉ុន្តែក្រុមហង្សក្រហមមានបំណងចង់លក់ចេញជាអចិន្រ្តៃយ៏ក្នុងតម្លៃ ៤០លានយូរ៉ូ(៣៥លានផោន) ខណៈកិច្ចសន្យារបស់គេនៅសល់ ១៨ខែទៀតជាមួយក្រុម Liverpool។

Sturridge បានព្យាយាមតស៊ូលេងដើម្បីជាប់ជាជម្រើស ១១នាក់ដំបូងនៅរដូវកាលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹក អាឡឺម៉ង់លោក Jurgen Klopp ខណៈកៅអីរបស់គេត្រូវបានប្រជែងដោយខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino នារយៈកាលកន្លងមកនេះ។ Sturridge ខ្លួនឯងក៏ចង់ចាកចេញពីក្រុម Liverpool ផងដែរដើម្បីស្វែង រកក្លឹបដែលអាចជាប់បានចូលលេងទៀងទាត់ ដើម្បីមានឪកាសបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអង់គ្លេស ក្នុងព្រឹត្តិការណ៏ World Cup ២០១៨ នាពេលខាងមុខនេះ។