Alexis Sanchez បាននិយាយកាលពីថ្ងៃចន្ទថា រូបគេពិតជារំភើបណាស់ក្នុងការចូលរួមជាមួយនឹងក្លិបដ៏ធំបំផុតក្នុងពិភពលោក ខណៈដែលរូបគេបានបំពេញការផ្ទេររបស់គេជាផ្លូវការពីក្លិប Arsenal ទៅកាន់ក្លិប Manchester United ក្នុងការដោះដូរគ្នាមួយជាមួយនឹងខ្សែបម្រើ Henrikh Mkhitaryan។

ខ្សែប្រយុទ្ធអន្តរជាតិស៊ីលីវ័យ២៩ឆ្នាំរូបនេះ ដែលស្ទើរតែបានចូលរួមជាមួយនឹងក្លិប Manchester City កាលពីរដូវក្តៅមុនទៅហើយនោះ បានចុះហត្ថលេខាលើកុងត្រាមួយដែលគេជឿជាក់ថា មានរយៈពេល៤ឆ្នាំកន្លះ ដើម្បីធ្វើឲ្យរូបគេក្លាយជាកីឡាកររកបានចំណូលខ្ពស់ជាងគេបំផុតក្នុងក្របខ័ណ្ឌ Premier League។

មានព័ត៌មានជាច្រើនបានចេញផ្សាយថា Sanchez នឹងទទួលបានប្រាក់ចំណូលមុនកាត់ពន្ធ៥០ម៉ឺនផោន (ស្មើនឹង៦៩,៥ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍។ ស្របពេលជាមួយគ្នានេះ ខ្សែបម្រើស្លាបអន្តរជាតិអាមេនី Mkhitaryan វ័យ២៩ឆ្នាំ ក៏បានចុះហត្ថលេខាឲ្យក្លិប Arsenal ផងដែរ ក្រោយពីរូបគេបានធ្លាក់ចេញពីការចាប់អារម្មណ៍របស់អ្នកចាត់ការទូទៅនៃក្លិប Man United គឺលោក Jose Mourinho បន្ទាប់ពីបានចំណាយពេលអស់១៨ខែនៅកីឡដ្ឋាន Old Trafford។


Sanchez បានចូលរួមជាមួយនឹងក្លិប Arsenal ក្នុងតម្លៃខ្លួន៣១,៧លានផោន កាលពីឆ្នាំ២០១៤ ក្រោយពីលេងឲ្យក្លិប Barcelona អស់រយៈពេល៣ឆ្នាំ ប៉ុន្តែ ទំនាក់ទំនងរបស់គេជាមួយនឹង Arsenal បានជួបភាពល្វីងជូរចត់ ក្រោយពីរូបគេបានព្យាយាមបង្ខំឲ្យមានការផ្ទេរមួយទៅកាន់ក្លិប Man City កាលពីឆ្នាំមុន។ តារាឆ្នើមរូបនេះបានឲ្យដឹងថា៖ «ខ្ញុំពិតជាមានមោទនភាពណាស់ក្នុងការក្លាយជាកីឡាករស៊ីលីដំបូងគេក្នុងការលេងឲ្យក្រុម Man United ហើយខ្ញុំសង្ឃឹមថា ខ្ញុំអាចបង្ហាញឲ្យអ្នកគាំទ្រទាំងអស់ក្នុងពិភពលោកឲ្យឃើញពីមូលហេតុដែលក្លិបចង់បានខ្ញុំមកទីនេះ»៕

ប្រភព៖ Channel News Asia
Via :cambosport