ការដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់៤៤លានផោន (ស្មើនឹង៦២,៦៧លានដុល្លារអាមេរិក) បូកទាំងប្រាក់ឧបត្ថម្ភចំនួន១៣,២លានផោនទៀត របស់ក្លិប Chelsea ដើម្បីទិញយកខ្សែប្រយុទ្ធ Edin Dzeko និងខ្សែការពារ Emerson Palmieri ត្រូវបានទទួលយក ខណៈដែលក្លិបតោខៀវមួយនេះ សង្ឃឹមថា នឹងចុះហត្ថលេខាជាមួយនឹងពួកគេនៅមុនពេលបិទទីផ្សារដោះដូរកីឡាករនៅសប្តាហ៍ក្រោយ។

បើទោះបីការចរចាផ្សេងៗជាមួយនឹងខ្សែការពារស្លាបឆ្វេង Palmieri នឹងផ្តល់លក្ខខណៈងាយស្រួលក៏ដោយ ប៉ុន្តែ Dzeko ដែលបានចំណាយរយៈពេល៥ឆ្នាំនៅឯក្លិប Manchester City នឹងនៅតែត្រូវការនូវភាពជឿជាក់ ដើម្បីវិលទៅកាន់ក្របខ័ណ្ឌ Premier League វិញ និងកំពុងតែស្វែងរកការធានាទៅចំនួននៃការប្រកួតដែលរូបគេនឹងចូលលេង។

ការចុះហត្ថលេខាជាមួយនឹងកីឡាករដែលមានវ័យ៣១ឆ្នាំ គឺជាការប្រឆាំងនឹងគោលនយោបាយទិញចូលកីឡាកររបស់ Chelsea ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលពួកគេផ្តល់ការបន្តកុងត្រាថ្មីត្រឹមតែ១ឆ្នាំម្តងប៉ុណ្ណោះ ដល់កីឡាករដែលមានវ័យច្រើនជាង៣០ឆ្នាំ ប៉ុន្តែ ពួកគេនឹងបំណងធ្វើការបត់បែនទៅលើបទបបញ្ជាផ្ទៃក្នុងរបស់ពួកគេ ដើម្បីនាំយក Dzeko សញ្ជាតិបូស្នី។

Chelsea ត្រូវបានរំពឹងទុកថា នឹងផ្តល់កុងត្រាដល់ខ្សែប្រយុទ្ធរូបនេះយ៉ាងហោចណាស់ដល់ឆ្នាំ២០២០។ Dzeko ត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមរបស់ Roma ដែលបានធ្វើការប្រកួតជាមួយនឹងក្រុម Sampdoria កាលពីថ្ងៃពុធ ខណៈដែលលោក Monchi ប្រធានផ្នែកកីឡារបស់ក្លិបនេះ បានបញ្ជាក់ថា រូបគេមិនទាន់យល់ព្រមទៅលើលក្ខខណ្ឌផ្ទាល់ខ្លួននៅឡើយទេ។ លោកបានប្រាប់ទូរទស្សន៍ Mediaset Premium ថា៖ «Roma ដូចទៅនឹងក្លិបទាំអស់ក្នុងពិភពលោកដែរ ដោយស្តាប់សំណើផ្សេងៗ ដែលផ្តល់ឲ្យកីឡាករ មិនមែនត្រឹមតែ Edin ប៉ុណ្ណោះទេ ប៉ុន្តែ គ្រប់គ្នាក្នុងក្រុមនេះ»៕

ប្រភពព័ត៌មាន៖ The Guardian