ក្រុម Arsenal បានបង្កើតឲ្យមានការប្រកួតពាន League Cup វគ្គផ្តាច់ព្រ័ត្រដ៏គួរឲ្យចាប់អារម្មណ៍មួយ ខណៈដែលពួកគេត្រូវប៉ះជាមួយនឹងក្រុមកំពុងតែនាំមុខលើតារាងក្របខ័ណ្ឌ Premier League គឺ Manchester City កាលពីថ្ងៃពុធ តាមរយៈការវាយបកដេញតាមពីក្រោយ ដើម្បីផ្តួលក្រុម Chelsea ទាំងពីរជើងក្នុងលទ្ធផល ២-១ ខណៈដែលលោក Arsene Wenger សម្លឹងរកការឈ្នះពានជាលើកទី១ របស់លោកក្នុងយុទ្ធនាការនេះ។

ក្រុម Man City របស់លោក Pep Guardiola បានឈានទៅកាន់កីឡដ្ឋាន Wembley កាលពីថ្ងៃអង្គារ តាមរយៈការផ្តួលក្រុម Bristol City របស់ក្របខ័ណ្ឌ Championship ក្នុងការប្រកួតជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ និងឈ្នះទាំពីរជើង ៥-៣ ដើម្បីរក្សាការស្ថិតលើផ្លូវឆ្ពោះទៅកាន់ការប្រជែងដណ្តើមពាន៤ ក្នុងរដូវកាលតែមួយ។ លោក Arsene Wenger មិនអាចប្រើប្រាស់ខ្សែបម្រើ Henrikh Mkhitaryan ដែលបានចូលរួមជាមួយនឹងក្លិបនេះ ពីក្លិប Manchester United កាលពីដើមសប្តាហ៍នេះ ក្នុងការផ្ទេរដោយមានការដោះដូរជាមួយនឹង Alexis Sanchez ស្របពេលដែល Ross Barkley បានបង្ហាញខ្លួនជាលើកទី១របស់គេសម្រាប់ Chelsea ក្នុងនាមជាកីឡាករបម្រុងក្នុងតង់ទី១។

ជ័យជម្នះនេះពិតជាសំខាន់ណាស់សម្រាប់លោក Wenger ក្នុងសប្តាហ៍មួយ ដែលកាំភ្លើងធំមួយនេះប្រឈមមុខនឹងភាពត្រដាបត្រដួសក្នុងការប្រជែងយកកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League បាត់បង់ Sanchez ដែលជាខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតរបស់ពួកគេ៕