លោក Jose Mourinho បានបន្តកុងត្រារបស់លោកនៅឯក្លិប Manchester United រហូតដល់ឆ្នាំ២០២០ តាមរយៈការបញ្ជាក់ថា លោកពិតជាមានកិត្តិយស និងរីករាយណាស់ ក្នុងការបន្តនៅកីឡដ្ឋាន Old Trafford។

មានការលើកឡើងជាច្រើនកាលពីដើមសប្តាហ៍នេះថា លោក Mourinho ប្រហែលជាមិនបន្តកុងត្រាថ្មីនៅឯក្លិប Man United ប៉ុន្តែ ក្រោយពី Man United បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Alexis Sanchez ទាំងម្ចាស់ក្លិប និងអ្នកចាត់ការទូទៅរូបនេះ សុទ្ធសឹងពេញចិត្តក្នុងការបន្តកិច្ចសន្យា។ លោក Mourinho បានឲ្យដឹងថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់ និងមានមោទនភាពក្នុងការក្លាយជាអ្នកចាត់ការទូទៅរបស់ Manchester United។

ខ្ញុំចង់ថ្លែងអំណរគុណដ៏ធំដល់អ្នកសម្រាប់ការទទួលស្គាល់ការងារដ៏លំបាក និងការប្តេជ្ញាចិត្តរបស់ខ្ញុំ។ ខ្ញុំពិតជារីករាយណាស់ដែលពួកគេមានអារម្មណ៍ និងជឿជាក់ថា ខ្ញុំជាអ្នកចាត់ការទូទៅដ៏ត្រឹមត្រូវសម្រាប់ក្លិបដ៏អស្ចារ្យនេះទៅថ្ងៃអនាគត»។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានប្រាប់បន្តថា៖ «យើងបានបង្កើតកម្រិតស្តង់ដារយ៉ាងខ្ពស់ តាមរយៈការឈ្នះពានបីក្នុងរដូវកាលតែមួយ ប៉ុន្តែ ទាំងនោះគឺជាស្តង់ដារដែលខ្ញុំរំពឹងទុកថា ក្រុមរបស់ខ្ញុំនឹងមានគោលដៅបែបនេះ។

យើងកំពុងតែបង្កើតលក្ខខណ្ឌសម្រាប់អនាគតដ៏ជោគជ័យ និងត្រចះត្រចង់សម្រាប់ Manchester United»។ លោក Mourinho បាននិយាយថា Sanchez គឺជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងពិភពលោក ប៉ុន្តែបានទទួលស្គាល់ថា ការចុះហត្ថលេខានេះជះឥទ្ធិពលតិចតួចប៉ុណ្ណោះលើអនាគតរបស់លោក៕
ប្រភពព័ត៌មាន៖ The Guardian