ខ្សែការពារសញ្ជាតិបារាំង Aymeric Laporte អាចនឹងក្លាយជាកីឡាករចំណូលថ្មីមានតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League គឺ Manchester City។ នេះបើយោងទៅតាមបណ្តាញសារព័ត៌មានជាច្រើនរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍។

ខ្សែការពារកណ្តាលវ័យ២៣ឆ្នាំរូបនេះ ដែលបានស្ថិតនៅជាមួយនឹងក្លិប Athletic Bilbao ចាប់តាំងពីរូបគេមានវ័យ១៦ឆ្នាំនោះ នឹងបានធ្វើឲ្យក្រុម Man City ចំណាយប្រាក់៥៧លានផោន (ស្មើនឹង៨១លានដុល្លារអាមេរិក) ដើម្បីរំលាយកិច្ចសន្យារបស់គេជាមួយនឹងក្លិប Bilbao។ ប៉ុន្តែ Laporte នឹងជួយដោះស្រាយនៅលើតំបន់ដែលបញ្ហារបស់លោកគ្រូបង្វឹក Pep Guardiola ដោយសារតែខ្សែការពារជើងចាស់ Vincent Kompany កំពុងតែញ៉ាំញីដោយរបួស ហើយខ្សែការពារសញ្ជាតិបារាំង Eliaquim Mangala មិនបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍។

Laporte ដែលការផ្ទេររបស់គេនឹងអាស្រ័យទៅលើការចាកចេញរបស់ Mangala នោះ នឹងអាចលេងក្នុងជម្រើសទាំង១១នាក់ដំបូងដោយចាប់ដៃគូជាមួយនឹងខ្សែការពារអន្តរជាតិអង់គ្លេស John Stones និងខ្សែការពារអន្តរជាតិអាហ្សង់ទីន Nicolas Otamendi។

បើយោងទៅតាមបណ្តាញសារព័ត៌មាន The Sun និង BBC លោក Guardiola ចង់បណ្តាក់ទុនលើ Laporte ដែលមិនទាន់បានបង្ហាញខ្លួនក្នុងក្រុមឈុតធំរបស់បារាំងនៅឡើយទេ បើទោះបីរូបគេត្រូវបានកោះហៅសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០១៨ ២លើកក៏ដោយ ជាងការចំណាយប្រាក់២៤លានផោនទៅលើខ្សែការពារអន្តរជាតិអៀរឡង់ខាងជើង Jonny Evans របស់ក្លិប West Brom។ កំណត់ត្រាទិញចូលកីឡាករថ្មីរបស់ក្រុម Man City បច្ចុប្បន្នគឺ៥៥លានផោន ដែលពួកគេបានចំណាយទិញខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Kevin de Bruyne ពីក្លិប VfL Wolfsburg ក្នុងឆ្នាំ២០១៥៕
ប្រភពព័ត៌មាន៖ Daily Star