ក្លិប Southampton បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Guido Carrillo ពីក្រុមម្ចាស់ជើងឯកបារាំង Monaco ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របអង់គ្លេស ខ័ណ្ឌ Premier League កាលពីថ្ងៃព្រហស្បតិ៍។

ការផ្ទេរនេះ នឹងធ្វើឲ្យ Carrillo វ័យ២៦ឆ្នាំ ចូលរួមម្តងទៀតជាមួយនឹងគ្រូបង្វឹករបស់ Southampton លោក Mauricio Pellegrino ក្រោយពីបានលេងក្រោមការដឹកនាំរបស់លោកនៅពេលដែលអ្នកទាំងពីរស្ថិតក្នុងក្លិប Estudiantes របស់អាហ្សង់ទីន។ មិនមានតម្លៃខ្លួនណាមួយត្រូវបានប្រកាសដោយក្លិប Southampton ឡើយ ប៉ុន្តែ បណ្តាញសារព័ត៌មានរបស់ចក្រភពអង់គ្លេស បានចេញផ្សាយថា ពួកគេបានចំណាយប្រាក់១៩,២លានផោន (ស្មើនឹង២៧,១លានដល្លារអាមេរិក)។

Carrillo បានចាកចេញពីក្លិប Estudiantes ដើម្បីចូលរួមជាមួយនឹង Monaco ក្នុងឆ្នាំ២០១៥ ដោយបានជួយឲ្យក្លិបមួយនេះ បញ្ចប់ការគ្រប់គ្រងរបស់ Paris Saint-Germain តាមរយៈការឈ្នះពានក្របខ័ណ្ឌ Ligue 1 ជាលើកទី១របស់ពួកគេចាប់តាំងពីឆ្នាំ២០០០ កាលពីរដូវកាលមុន។

ក្លិប Southampton បច្ចុប្បន្នកំពុងតែស្ថិតនៅតំបន់កាត់ចោល ដោយដេញតាមពីក្រោយក្រុមស្ថិតក្នុងតំបន់សុវត្ថិភាពចំនួន១ពិន្ទុ ខណៈដែលពួកគេកំពុងតែស្រេកឃ្លានក្នុងការរកគ្រាប់បាល់ ក្រោយពីអាចស៊ុតបាល់បញ្ចូលទីត្រឹមតែ២៤គ្រាប់គត់ ពីការប្រកួតក្របខ័ណ្ឌក្នុងរដូវកាលនេះ។ Carrillo បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំពិតជារីករាយណាស់។ វាជាអារម្មណ៍ដ៏អស្ចារ្យក្នុងការចូលរួមជាមួយនឹងក្លិបនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia