Arsenal បានក្លាយជាក្រុមដែលត្រូវបានមជ្ឈដ្ឋានបាល់ទាត់យល់ថាមានការទិញ និង លក់ដូរកីឡាករសកម្មបំផុតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។យុទ្ធសាស្រ្តផ្លាស់ប្តូរកីឡាកររបស់ក្រុមរហស្សនាមកាំភ្លើងធំ កាន់តែអាក្រក់ទៅៗ ខណៈកីឡាករឆ្នើមមួយចំនួនត្រូវបានក្លឹបអនុញ្ញាតិអោយ ចាកចេញពីក្រុមក្រោយពីបានអភិវឌ្ឍខ្លួនលេងដល់កំរិតកំពូល និងមួយចំនួនទៀតដោយសារចង់ស្វែងរកបទពិសោធន៏នៅក្លឹបថ្មី ព្រមជាមួយប្រាក់ពលកម្មច្រើនសន្ធឹកសន្ធាប់។

កាលពីថ្ងៃចន្ទទី ២២ មករា ២០១៨កន្លងមកនេះ ការចាកចេញពីក្លឹប Arsenal ទៅកាន់កីឡាដ្ឋាន Old Trafford គឺជាគំរូចុងក្រោយដែលក្លឹបសម្រេចអោយរូបគេចាកចេញក្រោយការបរាជ័យក្នុងការចរចារលើកកិច្ចសន្យាថ្មី គោលបំណងដើម្បីជៀសវាងការផ្ទេរដោយគ្មានតម្លៃខ្លួននៅពេលបញ្ចប់រដូវកាល។ ខាងក្រោមនេះជាកីឡាករទាំង៥រូប ដែលគ្រូបង្វឹកលោកArsene Wenger បណ្តោយអោយចាកចេញពីក្រុមនាពេលកន្លងមក៖
១. Robin van Persie

Van Per Sie បានចាកចេញពីក្រុមArsenal ដើម្បីទៅចូលរួមជាមួយក្រុមMan.United នៅឆ្នាំ២០១២ និងបាន ទទួលជោគជ័យលើកដំបូងក្នុងការឈ្នះពានPremier League លើកដំបូង ក្រោយចំណាយពេលលេងអោយក្រុមArsenal ៨រដូវកាលអតីតកីឡាករក្រុមជម្រើសជាតិហូឡង់រូបនេះ បានត្រឹមតែឈ្នះពាន FA Cup និង Community Shield ប៉ុណ្ណោះ។

២. Francesc Fabregas

ក្រោយចំណាយពេល៨ឆ្នាំ អតីតប្រធានក្រុមArsenal រូបនេះបានសម្រេចចិត្តចាកចេញពីក្រុមត្រលប់ទៅក្លឹប Barcelonaនាឆ្នាំ២០១១ដែលជាទីកន្លែង ធ្លាប់បណ្តុះបណ្តាលរូបគេកាលពីនៅកុមារភាព។ប៉ុន្តែនៅឆ្នាំ២០១៤លោកJose Mourinho បាននាំ Fabregas វិលត្រលប់មកកាន់ ក្លឹបChelsea ហើយបន្តលេងអោយក្រុមរហូតដល់បច្ចុប្បន្ន។

៣.Samir Nasri

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងរូបនេះ ធ្លាប់ចំណាយពេលលេងអោយក្រុមArsenal នៅចន្លោះឆ្នាំ២០០៨-២០១១ និង បានបង្ហាញទម្រង់លេងលេចធ្លោនៅរដូវកាល២០១០-២០១១ ព្រមជាមួយការរកគ្រាប់ ១០គ្រាប់ក្រោយការបង្ហាញខ្លួន៣០ប្រកួត និងបានជួយគាំទ្រដៃគូខ្សែបម្រើFabregas អោយមានទម្រង់លេងឈានដល់កម្រិតកំពូល មុនសម្រេចចិត្តផ្ទេរទៅលេងនៅក្រុមMan.City នៅឆ្នាំ២០១១នោះ។

៤. Alex Oxlade-Chamberlain

មិនមានសមត្ថភាពកំពូលដូចសិស្សច្បងនិងអតីតមិត្តរួមក្រុមAlexis Sanchez ប៉ុន្តែខ្សែបម្រើក្រុមជម្រើសជាតិ អង់គ្លេស រូបនេះ មានគុណសម្បត្តិល្អដែលអាចអោយក្រុមប្រើប្រាស់រូបគេបាន។Alex វ័យ២៤ឆ្នាំបានផ្ទេរទៅលេងនៅក្រុម Liverpool កាលពីដើមរដូវកាលកន្លងមកនេះ ខណៈក្រុមAsenal មិនមានការបារម្មណ៏ពីការខ្វះខាតកីឡាករដែលមានស្រាប់នៅក្នុងក្រុមហើយនោះគឺGranit Xhaka និងAaron Ramsey ។

៥.Alexis Sanchez

ខ្សែបម្រើ-ប្រយុទ្ធក្រុមជម្រើសជាតិឈីលីរូបនេះ នៅតែបង្ហាញទម្រង់លេងបានល្អ ក្រោយផ្ទេរពីក្រុមBarcelona មកដល់កីឡាដ្ឋានEmirate Stadium កាលពីឆ្នាំ២០១៤។ Sanchez បានចាកចេញពីក្រុមArsenal ដើម្បីទៅចូលរួមជាមួយក្រុមMan.United ព្រមទាំងបង្ហាញខ្លួនជាផ្លូវការណ៏កាលពីថ្ងៃចន្ទកន្លងមកនេះ រួមជាមួយទឹកប្រាក់៣៥០០០០ផោន/សប្តាហ៏ ថ្លៃបំផុតសម្រាប់កីឡាករ ដែលមានប្រាក់បៀវត្សប្រចាំអាទិត្យនៅក្របខណ្ឌកំពូលអង់គ្លេស។វាជារឿងខកចិត្តនិងអស់សំណើចសម្រាប់អ្នកគាំទ្រArsenal ខណៈបច្ចុប្បន្នក្រុមមានលេខរៀងទី៦ ហើយលក់កីឡាករទៅអោយក្រុមMan.United ដែលស្ថិតនៅលេខរៀងទី២ទៅវិញ។

Via: sportskeeda