បន្ទាប់​ពី U23 វៀតណាម​បាន​ទម្លាក់​ក្រុម​ខ្លាំងៗ​ជា​បន្តបន្ទាប់ ទីបំផុត​ក្រុម​ដែល​ចេញ​ពី​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ឈាន​ដល់វគ្គ​ផ្តាច់ព្រ័ត្រAFC U-23 Championship ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត ដែល​នឹង​ត្រូវ​ជួប​ជាមួយ​​នឹង​ប្រទេស អ៊ូសបេគីស្ថាន នៅ​ថ្ងៃ​សៅរ៍​​នេះ។

ដោយ​ឡែក គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​របស់ ក្រុម​ជម្រើស​ជាតិ​វៀតណាម​អាយុ​ក្រោម​២៣​ឆ្នាំ បាន​សន្យា​ថា​លោក​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រវៀតណាម​ខកចិត្ត​ឡើយ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Asian Cup មួយ​នេះ។

តើ​លោក Park Hang-seo ជា​នរណា?

Park Hang-seo ជា​គ្រូ​បង្វឹក​ថ្មី​សញ្ជាតិ​​កូរ៉េ​ខាងត្បូង​ របស់​ក្រុម​ជម្រើស​ជាតិ​ និង U23 វៀតណាម​ដែល​ទើប​បាន​មក​ដឹកនាំ​ក្រុម​នេះ​ជាង​១០០​ថ្ងៃ​ប៉ុណ្ណោះ។ ពោល​គឺ​លោក​បាន​មក​ដឹកនាំវៀតណាម​កាល​ពី​ចុងខែ​កញ្ញា​ ឆ្នាំ​២០១៧​កន្លង​ទៅ។

លោក Park វ័យ​៥៨​ឆ្នាំ​ មាន​បទពិសោធន៍​ជា​ច្រើន​ក្នុង​​នាម​ជា​អ្នក​ចាត់ការ​ក្លឹប។ លោក​ធ្លាប់​បាន​ដឹកនាំ​ក្លឹប​ធំៗ​នៅ​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​របស់​កូរ៉េខាងត្បូង​ K League មាន​ដូច​ជា ក្រុម Gyeongnam FC, Jeonnam Dragons និង Sangju Sangmu Phoenix ជា​ដើម ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​នេះ។ អ្វី​ដែល​ពិសេស​បំផុត​ កាល​ពី​ឆ្នាំ​២០០២ លោក​ធ្លាប់​បាន​ចូល​រួម​ដឹកនាំ​កូរ៉េខាងត្បូង​ បាន​លេខ​៤ សម្រាប់​ព្រឹត្តិការណ៍​ World Cup ក្នុង​នាម​ជា​ជំនួយការ​គ្រូ​បង្វឹក៕
ប្រភពពី: Sabay