ជាធម្មតាការផ្លាស់ប្តូរកីឡាករ គឺសំដៅទៅលើការទិញចូល និងលក់ចេញដែលតែងតែកើតមានឡើងជារឿយៗនៅក្នុងពិភពបាល់ទាត់អាជីព យ៉ាងណាមិញជារឿងដែលកម្រពីមួយឆ្នាំទៅមួយឆ្នាំនៅយុគសម័យបាល់ទាត់ទំនើបនេះ ដែលការផ្លាស់ប្តូរកីឡាកររវាងក្រុមពីរផ្សេងគ្នា ដោយមិនមានការគិតលើសាច់ប្រាក់នោះ។ រៀងរាល់ការផ្លាស់ប្តូរគឺតែងតែមានការរួមបញ្ចូលនៅតម្លៃពលកម្ម និង ផលប្រយោជន៏ផ្សេងៗដែលជាដំណោះស្រាយ។ យ៉ាងណាមិញក្រោយការផ្លាស់ប្តូររវាងកីឡាករទាំងសងខាង មានខ្លះក៏ទទួលបានជោគជ័យ និងមួយចំនួនបានចូលនិវត្តន៏មុនកាលកំណត់ដោយសារតែបញ្ហាសុខភាព ជាមួយរបួសញាំញី។

ជាឧទាហរណ៏កាលពីសប្តាហ៏មុននៅក្របខណ្ឌកំពូលអង់គ្លេសមានការផ្លាស់ប្តូរគ្នារវាងកីឡាករ ឆ្នើមពីររូបគឹ Alexis Sanchez បានព្រមព្រៀងផ្ទេរទៅក្រុម Man.United ព្រមជាមួយការយល់ព្រមដោយដោះដូរនិងកីឡាករ Henrikh Mkhitaryan ទៅកាន់ក្លឹប Arsenal វិញ។

ខាងក្រោមនេះ គឺជាការផ្លាស់ប្តូរកីឡាករឆ្នើមៗរវាងក្រុមពីរផ្សេងគ្នាដែលបានធ្វើអោយមានភាពភ្ញាក់ផ្អើល និងចំណាប់អារម្មណ៏ក្នុងពិភពបាល់ទាត់នាពេលកន្លងមក៖

១. Francesco Coco និង Clarence Seedorf

ការផ្លាស់ប្តូរវាង Francesco Coco កីឡាករខ្សែបម្រើសញ្ជាតិអ៊ីតាលីនិង Clerence Seedorf ធ្វើឡើងនៅឆ្នាំ២០០២ នៅពេលដែលកីឡាករ AC.Milan រូបនេះព្រមព្រៀងផ្លាស់ប្តូរគ្នាជាមួយខ្សែបម្រើហូឡង់ Clerence Seedoft របស់ក្រុម Inter Milan។ សម្រាប់ Seedorf ទទួលបានជោគជ័យកំលុងពេលលេងអោយក្រុម Inter Milan ជាមួយ ការលើកពាន Champion League ចំនួន ២ដង។ ប៉ុន្តែក្រោយផ្ទេរទៅកាន់ក្លឹប AC. Milan កីឡាករខ្សែបម្រើរូបនេះ បង្ហាញខ្លួនបានរហូតដល់ ៤៣១ប្រកួត និងបានជួយក្លឹប AC.Milan លើកពាន​Champion League ២ដង ព្រមជាមួយពាន​SerieA មួយរដូវកាល។ ប៉ុន្តែសម្រាប់ Coco វិញបង្ហាញទម្រង់លេងល្អកំលុងពេលលេងនៅក្រុម AC.Milan ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ ក្រោយផ្លាស់ចេញពីក្រុម AC.Milan ទៅកាន់ Inter Milan បានរងរបួសជាច្រើនខែ និងបង្ហាញទម្រង់លេងបានតែ ២៦ដង និងត្រូវបានក្លឹបដទៃខ្ចីជើង។ ទីបំផុត Coco បានសម្រេចចិត្តចូលនិវត្តន៏នៅអាយុ ៣០ឆ្នាំ។

២. William Gallas – Ashley Cole

ក្រុម Chelsea បានផ្តល់តម្លៃខ្លួន ៥លានផោនបូករួមជាមួយអតីតកីឡាករខ្សែការពារសញ្ជាតិបារាំង William Gallas ជាថ្នូរនឹងការចង់បានអតីតខ្សែការពារស្តាំក្រុមជម្រើសជាតិអង់គ្លេស Ashley Cole ត្រលប់មកវិញ។ កីឡាករទាំងពីររូប បានជួយក្រុម Chelsea និង Arsenal ឈ្នះជើងឯក Premier League ២សម័យដូចគ្នា មុនពេលឈានដល់កិច្ចព្រមព្រៀងផ្លាស់ប្តូរក្រុមគ្នា ប៉ុន្តែក្រោយពីផ្ទេរទៅលេងអោយក្រុម Arsenal អតីតខ្សែការពារ Galas មិនទទួលបានជោគជ័យនោះទេ មិនបានឈ្នះពានអ្វីសោះជាមួយក្រុម ហើយបានសម្រេចចិត្តផ្លាស់ទៅក្លឹប Tottenham នាឆ្នាំ ២០១០ ។ឪ

សម្រាប់ Ashley Cole វិញ ទទួលបានជោគជ័យជាផ្លែផ្កាក្នុងការបង្ហាញខ្លួននៅក្របខណ្ឌកំពូល Premier League បាន ២២៩ប្រកួតនាកីឡាដ្ឋាន Stamford Bridge ហើយបានជួយក្រុមតោខៀវលើកពាន FA Cups ៤ដង Premier League ១ដង និង UEFA Champion League, UEFA Europa League មុនចាកចេញពីក្រុមនៅឆ្នាំ២០១៤ ក្រោយចំណាយពេល៨រដូវកាលកន្លងមក។

៣. Nemanja Matic – David Luiz

ការផ្លាស់ប្តូរគ្នារវាងកីឡាករទាំងពីរកើតមានឡើងនៅឆ្នាំ២០១១ ខណៈក្រុម Chelsea បានផ្តល់កីឡាករខ្សែបម្រើ Matic បូកជាមួយទឹកប្រាក់ជាង ២០លានផោន ដើម្បីនាំយកកីឡាករខ្សែការពារប្រេស៊ីល David Luiz ពីក្រុមជើងឯក Portugal គឺក្លឹប Benfica។ ក្រោយផ្ទេរមកលេងអោយក្រុមរៀងខ្លួន David Luiz បានជួយក្រុម Chelsea លើកពាន Premier League, UEFA Champions League, UEFA Europa League, និង FA Cup មុនចាកចេញទៅលេងនៅក្រុម PSG នាឆ្នាំ២០១៤ ខណៈ Matic បានជួយក្រុម Benfica ឈ្នះជើងឯកក្របខណ្ឌកំពូលព័រទុយហ្គាល់នាពេលនោះផងដែរ។ ក្រោយមកទៀត ពួកគេទាំងពីរ Luiz និង Matic បានវិលត្រលប់មកកីឡាដ្ឋាន Stamford Bridge ស្របពេល Luiz បានវិលត្រលប់មកវិញនៅឆ្នាំ២០១៤ ហើយបានជួយក្រុមលើកពាន Premier League 2ដង ខណៈកីឡាករ Luiz បានលើកពាន Premier League ជាមួយ Matic នៅរដូវកាល ២០១៦-២០១៧ ក្រោយវិលមកក្រុម Chelsea វិញនាឆ្នាំ២០១៦នោះ។

៤. Zlatan Ibrahimovic – Samuel Eto’o

កីឡាករទាំងពីរបានឈានដល់កិច្ចព្រមព្រៀងផ្លាស់ប្តូរគ្នានាឆ្នាំ២០០៩ នៅពេលដែលក្រុម Barcelona បានព្រមព្រៀងផ្តល់អោយអតីតខ្សែប្រយុទ្ធ Samuel Eto’o ទៅក្រុម Inter Milan បូករួមជាមួយទឹកប្រាក់ ៤០លានផោន គោលបំណងនាំអតីតខ្សែប្រយុទ្ធ Zlatan Ibrahimovic មកវិញនោះ។ កីឡាករទាំងពីរទទួលបានជោគជ័យនៅក្លឹបរៀងខ្លួន មុនពេលឈានដល់ការព្រមព្រៀងផ្លាស់ក្លឹបគ្នាទៅវិញទៅមក។ Zlatan ដោយសារមានបញ្ហាមិនចុះសម្រុង និងអតីតគ្រូបង្វឹកលោក Pep Guadiola ធ្វើអោយរូបគេសម្រេចចាកចេញពីក្រុមទៅលេងអោយក្លឹប AC.Milan នៅឆ្នាំ២០១១ ក្នុងលក្ខ័ណ្ឌខ្ចីជើង និងបន្តលេងអោយក្រុមជាអចិន្រ្តៃយ៏នៅឆ្នាំបន្ទាប់។ សម្រាប់ Eto’o ក្រោយចំណាយពេល ២រដូវកាលលេងអោយ Inter Milan បានជួយក្រុមលើកពាន SerieA, Coppa Italia, FIFA Club World Cup, និង UEFA Champions League ផងដែរ។

៥.Alexis Sanchez – Henrikh Mkhitaryan

ការផ្លាសប្តូររវាង Sanchez និង Mkhitaryan ធ្វើឡើងយ៉ាងឆាប់រហ័សក្រោយពីមានការចរចារ និងកិច្ចព្រមព្រៀងលើក្ខ័ណ្ឌផ្ទាល់ខ្លួនមួយចំនួន ក៏ដូចជារវាងក្លឹបទាំងពីរ។ ខ្សែបម្រើទាំងពីររូបនេះគឺត្រូវបានចាត់ទុក ជាកីឡាករល្អបំផុតសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ ខណៈកីឡាករក្រុមជម្រើសជាតិឈីលី Sanchez នៅសល់កិច្ចសន្យាមិនដល់ ៦ខែទេជាមួយក្រុម Arsenal ព្រមជាមួយការសម្រេចចិត្តចាកចេញពីក្រុមដើម្បីស្វែង រកការឈ្នះពានរបស់ខ្លួន។ សម្រាប់ Mkhitaryan កីឡាករជម្រើសជាតិអាមេនីមិនទទួលបានកៅអីមួយច្បាស់លាស់ទេ សម្រាប់រដូវកាលថ្មី(២០១៧-២០១៨ នេះ ក្រោយពីផ្ទេរពីក្លឹប Dortmund មកចូលរួមជាមួយក្រុម Man.United បានត្រឹមតែ ១៨ខែប៉ុណ្ណោះ។ សម្រាប់ការព្រមព្រៀងផ្លាស់ប្តូរនេះមិនមានប្រាក់បន្ថែមអោយក្លឹបទៅវិញទៅមក ក្រៅតែពី តម្លៃ ខ្លួនលើកកិច្ចព្រមព្រៀងប៉ុណ្ណោះ ហើយសម្រាប់ផលប្រយោជន៏ត្រូវបានបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។

ប្រភព៖ sportskeeda