ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំ Alexis Sanchez ដែលបានផ្លាស់ពីក្រុម Arsenal មកចូលរួមជាមួយក្រុម Man.United ក្នុងកិច្ចព្រមព្រៀងដោះដូរគ្នារវាខ្សែបម្រើ Henrikh Mkhitaryan កាលពីថ្ងៃចន្ទបានបង្ហាញ ខ្លួនអោយក្រុមថ្មីជាលើកដំបូងនៅកីឡាដ្ឋាន Packed Huish Park ជាមួយក្រុម Yoevil City នៅក្របខណ្ឌទី៤(League2)របស់អង់គ្លេស។ Sanchez កីឡាករសញ្ជាតិឈីលីទោះបីមិនបានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុម ប៉ុន្តែបានរួមចំណែកជួយ និងបានចែកបាល់អោយមិត្តរួមក្រុមគឺខ្សែប្រយុទ្ធ Marcus Rashford និង Ander Herrera រកគ្រាប់បាល់ នាំមុខក្រុមភ្ញៀវនៅមុនបញ្ចប់តង់ទី១។

Sanchez ត្រូវបានប្តូរចេញនៅនាទីទី៧២ មុនពេលកីឡាករខ្សែបម្រើ Jesse Lingard និង Romelu Lukaku រកបានម្នាក់មួយគ្រាប់បន្ថែមទៀតដើម្បីជួយក្រុមភ្ញៀវផ្តួលម្ចាស់ផ្ទះដោយលទ្ធផល៤:០។ ជ័យជំនះនេះគឺជាការផ្តល់ការដូដល់គ្រូបង្វឹកលោក Jose Mourinho សម្រាប់គម្រប់ខួបអាយុ ៥៥ឆ្នាំ និងជាការចូលមកដឹកនាំក្រុមលើកទី១០០ ព្រមជាមួយការទើបបន្តកិច្ចសន្យាដឹកនាំក្រុម រហូតដល់ឆ្នាំ២០២០។ ការប្រកួតនេះគឺជាជ័យជំនះលើកទី៦២ ក្នុងចំនោម ១០០ប្រកួតកន្លងមកក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះអោយក្រុម Man.United ផងដែរ។

អតីតកីឡាករក្រុម Barcelona Alexis Sanchez បាយចំណាយពេល ៣ឆ្នាំកន្លះលេងអោយក្រុម Arsenal និងរកគ្រាប់បាល់បញ្ចូលទីបាន ៨០គ្រាប់គ្រប់ក្របខណ្ឌប្រកួត។