ក្រុមភ្ញៀវ West Bromwich Albion បានយកឈ្នះម្ចាស់ផ្ទះ Liverpool ដោយលទ្ធផល ២ទល់នឹង៣ ក្នុងការប្រកួតពានរង្វាន់លំដាប់កំពូលទីពីរអង់គ្លេស FA Cup ជុំទី៤ នៅរាត្រីថ្ងៃសៅរ៍ ទី២៧ ខែមករា។ ខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino ស៊ុតបញ្ចូលទីអោយក្រុមម្ចាស់ផ្ទះ Liverpool នាំមុខក្រុមភ្ញៀវនៅនាទីទី៥ ប៉ុន្តែត្រឹមតែ ២នាទីក្រោយមកកីឡាករក្រុមភ្ញៀវ Jay Rodriguez តាមស្មើវិញ នៅនាទីទី៧ ស្របពេលកីឡាករ Rodriguez ដដែលបានបន្តរកបានមួយគ្រាប់បន្ថែមទៀតនៅនាទីទី១១។

ការប្រកួតឈានដល់នាទី៤៥+២ កីឡាករក្រុមម្ចាស់ផ្ទះ Joel Matip បានបង្កកំហុសធ្វើឲ្យបាល់ចូលទីខ្លួនឯងផ្តល់ឪកាសនាំមុខដល់ភ្ញៀវ ដោយលទ្ធផល ៣ទល់នឹង១ មុនពេលខ្សែប្រយុទ្ធអេហ្សីប Mohamed Salah ស៊ុតតាមពីក្រោយមួយគ្រាប់វិញ។ បញ្ចប់លទ្ធផលក្រុមម្ចាស់ផ្ទះ Liverpool ២:៣ West brom បរាជ័យនេះ គឺជាការចាញ់ក្នុងទឹកដីខ្លួនឯងបន្ទាប់ពីការបរាជ័យចុងក្រោយបង្អស់គឺនៅខែមេសាឆ្នាំ២០១៧ កន្លងមក។