ក្រុមការពារតំណែងជើងឯក Juventus បានផ្តួលក្រុម Chievo ដោយលទ្ធផល ២:០ សម្រាប់ការប្រកួត នៅក្របខណ្ឌកំពូលអ៊ីតាលីសប្តាហ៏ទី២២ កាលពីថ្ងៃសៅរ៏កន្លងទៅនេះ។ កីឡាករក្រុមម្ចាស់ផ្ទះ Chievo ១.Samuel Bastien និង ២.Fabrizio Cacciatore ត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត នៅនាទីទី៣៧ និង ៦១។

ក្រោយក្រុមម្ចាស់ផ្ទះនៅសល់គ្នាតែ ៩នាក់ អតីតខ្សែបម្រើក្រុម Real Madrid កីឡាករ Sami Khedira រកបានគ្រាប់បាល់នាំមុខដំបូង មុនកីឡាករមិត្តរួមក្រុមនិងជាអតីតខ្សែប្រយុទ្ធ ក្រុមស្តេចស Real Madrid កីឡាករ Gonzalo Higuain បន្ថែមគ្រាប់បាល់ទីពីរមុនបញ្ចប់ការប្រកួត និងជាគ្រាប់បាល់ដំបូងរបស់កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ ក្រោយខកខានរកគ្រាប់បាល់បញ្ចូលទីគិតចាប់តាំងពីដើមខែធ្នូឆ្នាំ២០១៧ និងជួយអោយក្រុមភ្ញៀវវផ្តួលក្រុមម្ចាស់ផ្ទះដោយលទ្ធផល ២:០ ។

បច្ចុប្បន្នក្រុម Juventus ឈរនៅចំណាត់ថ្នាក់លេខ២ ក្រោយពីទទួលជោគជ័យ ៦ប្រកួតចុងក្រោយនិងឈរពីក្រោមក្រុម Napoli ចំនួន ១ពិន្ទុប៉ុណ្ណោះ។ រីឯក្រុម Chievo កំពុងឈរនៅចំណាត់ថ្នាក់លេខ១៣ បន្ទាប់ពីមិនដែលស្គាល់រសជាតិជ័យជំនះក្នុងការប្រកួត ៨ដងចុងក្រោយ។