ក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំរបស់វៀតណាម បានទទួលការស្វាគមន៍យ៉ាងរំភើបមួយក្នុងពេលវិលត្រឡប់ទៅប្រទេសវិញកាលពីថ្ងៃអាទិត្យ ពីសំណាក់អ្នកគាំទ្ររាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅតាមដងវិថីនានា បើទោះបីពួកគេបានរងបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក៏ដោយ។

ក្រុមយុវជនរបស់ពួកគេ បានបង្កើតឲ្យមានប្រវត្តិសាស្ត្រដ៏មិននឹកស្មានដល់ក្នុងប្រទេសដែលឆ្កួតនឹងកីឡាករបាល់ទាត់មួយនេះ នៅពេលដែលពួកគេបានឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFC U23 Championship ក្នុងប្រទេសចិន កាលពីថ្ងៃសៅរ៍។ បើទោះបីចាញ់ក្រុមជម្រើសជាតិអ៊ូបេគីស្ថានក្នុងលទ្ធផល ២-១ ក៏ដោយ ប៉ុន្តែ អ្នកគាំទ្រដ៏ច្រើនកុះករ បានប្រមូលផ្តុំគ្នាដើម្បីរង់ចាំទទួលក្រុមកីឡាករ U23 របស់វៀតណាម ដែលត្រូវបានរំពឹងទុកថា នឹងចូលជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បន្ទាប់ពីនោះ។

លោក Tran Thuy An ដែលបានរង់ចាំអស់រយៈពេលជាច្រើនម៉ោងនៅលើស្ពានអាកាសដើម្បីរង់ចាំទទួលរថយន្តក្រុងរបស់ក្រុមដែលត្រូវបើកឆ្លងកាត់កន្លែងនោះ បានឲ្យដឹងថា៖ «ខ្ញុំចង់ឲ្យកូនៗរបស់ខ្ញុំរៀនពីសុច្ឆន្ទខ្លាំងដ៏អស្ចារ្យរបស់ក្រុមកីឡាករបាល់ទាត់វ័យក្មេងទាំងនេះ»។ ក្រោមការឡោមព័ទ្ធដោយអ្នកគាំទ្រដ៏ច្រើនកុះករ ដែលបានស៊ូទ្រាំនឹងបញ្ហាភ្លៀងរលឹម រថយន្តក្រុងពីរជាន់របស់ក្រុមយុវជនវៀតណាម បានចំណាយពេលដល់៥ម៉ោងដើម្បីទៅដល់កណ្តាល់នៃទីក្រុងហាណូយ ពីអាកាសយានដ្ឋាន ខណៈដែលការធ្វើដំណើរនេះ ជាធម្មតាចំណាយពេលត្រឹមតែ៤០នាទីប៉ុណ្ណោះ។ ទូរទស្សន៍ជាតិរបស់វៀតណាម VT ដែលបានចំណាយពេលផ្សាយបន្តផ្ទាល់រយៈពេល១ម៉ោងនោះ បាននិយាយទាក់ទងនឹងអ្នកគាំទ្រដែលស្ថិតក្នុងសម្លៀកបំពាក់ពណ៌ក្រហម និងមាសក្នុងទីក្រុងហាណូយថា៖ «ការដើរដង្ហែជាក្បួននេះ មិនធ្លាប់បានកើតឡើងក្នុងប្រទេសវៀតណាមឡើយ»៕

ប្រភព៖ Channel News Asia