Pietro Pellegri បានក្លាយជាកីឡាករវ័យ ១៦ឆ្នាំដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ក្រោយពីបានបំពេញការផ្ទេររបស់គេពីក្លិប Genoa ទៅកាន់ក្លិប Monaco ក្នុងតម្លៃខ្លួន ២០លានអឺរ៉ូ (ស្មើនឹង២៤,៨លានដុល្លារអាមេរិក)។

Pellegri ដែលបានក្លាយជាកីឡាករដំបូងគេកើតក្នុងឆ្នាំ២០០១ ក្នុងការរកគ្រាប់បាល់បញ្ចូលទីក្នុងក្របខ័ណ្ឌ Serie A កាពីខែឧសភា នោះ ធ្លាប់ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្លិប Juventus, Arsenal និង Manchester United ប៉ុន្តែ បានចូលរួមជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Ligue 1 ជំនួសវិញ។ តម្លៃខ្លួនរបស់គេស្ថិតតែនៅពីក្រោយតម្លៃខ្លួន៣៩,៦លានផោន (ស្មើនឹង៥៦លានដុល្លារអាមេរិក) ដែលក្លិប Real Madrid បានចំណាយដើម្បីចុះហត្ថលេខាជាមួយនឹងកីឡាករប្រេស៊ីល Vinicius Junior ពីក្លិប Flamengo កាលពីឆ្នាំមុន ប៉ុណ្ណោះ។

ខ្សែប្រយុទ្ធរូបនេះបានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការចូលរួមជាមួយនឹង Monaco។ ខ្ញុំមានការជឿជាក់ភ្លាមៗទៅលើគម្រោងដែលអនុញ្ញាតឲ្យកីឡាករវ័យក្មេងដូចជារូបខ្ញុំធ្វើការអភិវឌ្ឍ និងជោគជ័យទៅថ្ងៃអនាគត»។ Pellegri បានក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងការចូលលេងក្នុងក្របខ័ណ្ឌ Serie A នៅពេលដែលរូបគេបានបង្ហាញខ្លួនជាលើកទី១របស់គេ កាលពីខែធ្នូ ឆ្នាំ២០១៦ ក្នុងវ័យ១៥ឆ្នាំ និង២៨០ថ្ងៃ ហើយកាលពីខែឧសភា រូបគេបានបង្កើតប្រវត្តិសាស្ត្រជាមួយនឹងគ្រាប់បាល់ជាលើកទី១របស់គេនៅពេលប្រកួតជាមួយនឹងក្រុម AS Roma។ កាលពីខែកញ្ញា រូបគេបានក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងការស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងការប្រកួតមួយរបស់ក្របខ័ណ្ឌ Serie A ក្នុងពេលក្រុមខ្លួនរងបរាជ័យ ៣-២ ក្រោមស្នាដៃក្រុម Lazio៕