ក្រុមទើប Promote ឡើងមកពីក្រុមខណ្ឌលំដាប់ទីពីររបស់អាឡឺម៉ង់ Stuttgart បានឈានដល់ការចែកផ្លូវគ្នា ជាផ្លូវការណ៏ជាមួយគ្រូបង្វឹកលោក Hannes Wolf ហើយកាលពីថ្ងៃអាទិត្យកន្លងមកនេះបន្ទាប់ពីបរាជ័យ ក្នុងទឹកដីខ្លួនឯងដោយចាញ់ក្រុមភ្ញៀវ Schalke ០៤ ដោយលទ្ធផល ២:០។ Stuttgart កំពុងស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី១៤ មានគម្លាត ៧ពិន្ទុប៉ុណ្ណោះពីតំបន់ក្រុមដែលត្រូវកាត់ចេញ។

យោងការចុះផ្សាយជាផ្លូវការបស់ក្រុម Suttgart បានដកស្រង់សម្តីប្រធានក្លឹបលោក Michael Reschke អោយដឹងថា៖ លោក Wolf បានដឹកនាំ ក្រុមឡើងមកលេងនៅក្របខណ្ឌលំដាប់កំពូល Bundesliga កាលពីដើម រដូវកាលនេះ ប៉ុន្តែវាជាការសម្រេចចិត្តដែលចាំ បាច់បំផុតសម្រាប់ក្រុមដើម្បីជៀសអោយផុត ពីតំបន់ដែលត្រូវកាត់ចេញ។ ក្រោយពីការពិភាក្សាគ្នា យើងបានឈានដល់ការវិនិច្ឆ័យ ខណៈក្រុមកំពុងស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ និងត្រូវការប្រព័ន្ធសាងសង់ក្រុមឡើងវិញ។

លោក Wolf បានចូលមកដឹកនាំក្រុម Stuttgart កាលពីខែកញ្ញាឆ្នាំ២០១៦ និងបានជួយក្រុមឡើងមកកាន់ក្របខណ្ឌកំពូលអាឡឺម៉ង់ Bundesliga វិញនៅក្នុងរយៈពេលរដូវកាលដំបូងដែលគាត់ចូលមកបង្វឹកក្រុម។

ក្រុមជើងឯកអាឡឺម៉ង់ឆ្នាំ២០០៧ មួយនេះ ក្រោយការប្រកួត២០ដងកន្លងមក ទទួលបានត្រឹមតែ២០ពិន្ទុប៉ុណ្ណោះ ខណៈ រងបរាជ័យ៦ប្រកួតក្នុងចំណោម៧ប្រកួតចុងក្រោយ។