ក្លិប Tottenham បានយល់ព្រមលើតម្លៃខ្លួន ២៥លានផោន (ស្មើនឹង៣៥,២លានដុល្លារអាមេរិក) ជាមួយនឹងក្លិប Paris Saint-Germain ដើម្បីចុះហត្ថលេខាជាមួយនឹង Lucas Moura ខណៈដែលខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានរំពឹងទុកថា នឹងបំពេញការផ្ទេររបស់គេទៅកាន់ទីក្រុងឡុងដ៍ភាគខាងជើង នៅមុនពេលបិទទីផ្សារដោះដូរកីឡាករនៅថ្ងៃពុធ សប្តាហ៍នេះ។

ការពិភាក្សាផ្សេងៗជុំវិញការនាំយកកីឡាករវ័យ២៥ឆ្នាំរូបនេះ ត្រូវបានរៀបចំឡើងអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈដែលលោក Mauricio Pochettino ចង់បន្ថែមជម្រើសក្នុងតំបន់ប្រយុទ្ធរបស់លោក ខណៈដែល Spurs ត្រូវត្រៀមសម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Juventus នៅខែក្រោយនេះ។ Moura ដែលបានផ្ទេរទៅកាន់ក្លិប PSG កាលពីឆ្នាំ២០១៣ ក្នុងតម្លៃខ្លួនប្រមាណជា៣៨លានផោន ពីក្លិប Sao Paulo នោះ នៅតែមានសិទ្ធិអាចចូលលេងក្នុងក្របខ័ណ្ឌអឺរ៉ុប ក្រោយពីកម្របានចូលលេងណាស់នៅរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Unai Emery។

វាត្រូវបានគេយល់ឃើញថា រូបគេបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចជាស្រេច ក្រោយពីបានចូលទៅកាន់ទីលានហ្វឹកហាត់របស់ក្លិប Tottenham កាលពីសប្តាហ៍មុន ដោយរង់ចាំតែការយល់ព្រមលើតម្លៃខ្លួនប៉ុណ្ណោះ។ ក្រោយពីបានអនុញ្ញាតឲ្យកីឡាករ Georges-Kevin Nkoudou ចូលរួមជាមួយនឹងក្លិប Burnley កាលពីដើមសប្តាហ៍នេះ លោក Pochettino បានចាប់អារម្មណ៍ទៅលើការចុះហត្ថលេខាជាមួយនឹង Wilfried Zaha ប៉ុន្តែ ត្រូវបានបញ្ជាក់ដោយក្លិប Crystal Palace ខ្សែប្រយុទ្ធអន្តរជាតិកូតឌីវ័ររូបនេះ មិនមែនសម្រាប់លក់ឡើយ៕
ប្រភព៖ The Guardian