ក្លិប Arsenal បានឈានដល់ការព្រមព្រៀគ្នាមួយជាមួយនឹងក្លិប Borussia Dortmund ជុំវិញការចុះហត្ថលេខាក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបចំនួន ៦៣លានអឺរ៉ូ (ស្មើនឹង៧៨លានដុល្លារអាមេរិក) ជាមួយនឹង Pierre-Emerick Aubameyang បើទោះបីការបំពេញការផ្ទេរមួយនេះ អាចនឹងរាំងស្ទះដោយសារតែការប្រជែងពីក្លិបផ្សេងក៏ដោយ។

ក្លិប Chelsea ក៏បានចូលរួមក្នុងការប្រជែងទិញមួយនេះផងដែរ ខណៈដែលទីផ្សារដោះដូរកីឡាករនៅខែមករានេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃពុធ។ ការចរចាផ្សេងៗនៅតែបន្តសម្រាប់ Aubameyang អស់រយៈពេល ២សប្តាហ៍មកហើយ ខណៈដែលក្លិប Arsenal តែងតែជឿជាក់ថា ការព្រមព្រៀងគ្នាមួយអាចនឹងត្រូវបំពេញជាផ្លូវការ ក្រោយពីកីឡាកររូបនេះបានបញ្ជាក់យ៉ាងច្បាស់ពីបំណងរបស់គេទៅកាន់ទីក្រុងឡុងដ៍។ ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះ បានយល់ព្រមលើកុងត្រាមួយរហូតដល់ឆ្នាំ២០២១ ជាមួយនឹងប្រាក់ចំណូលប្រមាណជា ១៨ម៉ឺនផោន ក្នុងមួយសប្តាហ៍ (ស្មើនឹង២៥,៣៣ម៉ឺនដុល្លារអាមេរិក) ដែលនឹងធ្វើឲ្យរូបគេក្លាយជាកីឡាកររកចំណូលខ្ពស់ជាងគេបំផុតនៅកីឡដ្ឋាន Emirates។

ប៉ុន្តែ Dortmund នឹងអនុញ្ញាតឲ្យ Aubameyang ចាកចេញលុះត្រាតែពួកគេរកបានខ្សែប្រយុទ្ធម្នាក់មកជំនួសវិញ ខណៈដែល Olivier Giroud របស់ Arsenal មិនចាប់អារម្មណ៍ទៅលើការផ្ទេរទៅកាន់អាល្លឺម៉ង់ ឡើយ។ Dortmund បានបញ្ជាក់ថា ពួកគេត្រៀមលក្ខណៈរួចរាល់ក្នុងការលក់រូបគេ ប្រសិនបើចំនួននៃការទាមទារតម្លៃខ្លួន ត្រូវបានផ្តល់ឲ្យ។ ក្លិបរបស់ក្របខ័ណ្ឌ Bundesliga មួយនេះ បានច្រានចោលសំណើដេញថ្លៃក្នុងទឹកប្រាក់៥០លានអឺរ៉ូ (ស្មើនឹង៦២លានដុល្លារអាមេរិក) ពីក្លិប Arsenal កាលពីថ្ងៃពុធ៕

ប្រភព៖ The Guardian