ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Daniel Sturridge របស់ក្លិប Liverpool បានចូលរួមជាមួយនឹងក្លិប West Bromwich Albion ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលនេះ។

នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទ។ Sturridge បានធ្លាប់ក្លាយជាតារាឆ្នើមដ៏សំខាន់ម្នាក់ក្នុងពេលចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធ Luis Suarez និង Raheem Sterling នៅឯក្លិប Liverpool ប៉ុន្តែបានធ្លាក់ចេញពីការចាប់អារម្មណ៍ក្រោមការដឹកនាំរបស់លោក Jurgen Klopp និងបានបង្ហាញខ្លួនក្នុងជម្រើសទាំង១១នាក់ដំបូងក្នុងការប្រកួតលីកត្រឹមតែ៥លើកប៉ុណ្ណោះសម្រាប់ក្រុមហង្សក្រហម នៅរដូវកាលនេះ ដោយបានស៊ុតបាល់បញ្ចូលទី២គ្រាប់។

ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះដែលបានកើតក្នុងទីក្រុង Birmingham បានស៊ុតបាល់បញ្ចូលទី៧៤គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ក្នុងអាជីពទាំងមូលរបស់គេ ខណៈដែលរូបគេក៏បានចំណាយពេលលេងឲ្យក្លិប Manchester City និង Chelsea ផងដែរ។ West Brom បានយល់ព្រមចំណាយប្រាក់លើការខ្ចីជើងប្រមាណជា១,៥លានផោនសម្រាប់ Sturridge ដែលមិនធ្លាប់បានបង្ហាញខ្លួនឲ្យក្រុមរបស់លោក Klopp សោះបើគិតចាប់តាំងពីក្រុម Liverpool បានផ្តួលក្រុម Spartak Moscow ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីដើមខែធ្នូ។

Sturridge បាននិយាយថា៖ «ខ្ញុំមានមិត្តភ័ក្តិមួយចំនួននៅទីនេះ ដែលខ្ញុំបានធ្លាប់បានលេងជាមួយកាលពីមុន។ អ្នកចាត់ការទូទៅមានពាក្យសម្តីយ៉ាងល្អ។ ការប្រជែងក្នុងក្រុមនេះ និងរបៀបលេង ខ្ញុំមានអារម្មណ៍ថា នេះគឺជារឿងដ៏ត្រឹមត្រូវសម្រាប់ខ្ញុំ»៕