អតីតតារាបាល់ទាត់ឆ្នើមពិភពលោក David Beckham បានប្រកាសពីការបើកក្លឹបបាល់ទាត់អាជីពរបស់ខ្លួន មួយនៅទីក្រុង Miami ស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ត្រៀមលេងក្នុងលីគកំពូលអាមេរិក Major League Soccer នាពេលខាងមុខ។

តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយថា ក្លឹបថ្មីដែលបុរសជនជាតិអង់គ្លេស វ័យ៤២ឆ្នាំ Bechkam ប្រកាសបង្កើតជាផ្លូវការក្នុងសន្និសីទសារព័ត៌មានដែលមានអ្នកចូលរួមប្រមាណជាង ៣០០នាក់ផងនោះ មិនទាន់ដាក់ ឈ្មោះនៅឡើយទេ តែវាបានក្លាយជាក្លឹបបាល់ទាត់អាជីពទី២៦ ដែលត្រៀមលេងក្នុងក្របខណ្ឌកំពូលអាមេរិក Major League Soccer ដែលមានមូលដ្ឋាននៅទីក្រុង Miami ស្ថិតក្នុងរដ្ឋ Florida។

Beckham ជាអតីតកីឡាករបាល់ទាត់ដំបូងគេ ដែលបានសម្រេចមហិច្ឆតាបង្កើតក្លឹបបាល់ទាត់របស់ខ្លួន ក្រោយពេលរូបលោកបានមើលឃើញថា ទីក្រុង Miami មិនទាន់មានក្លឹបបាល់ទាត់អាជីពនៅឡើយទេ និងព្យាយាមធ្វើឲ្យសុបិន្តរបស់ប្រជាជននៅទីនោះក្លាយជាការពិតផងដែរ។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទនាយប់មិញនេះ Beckham ក៏បានលើកឡើងពីការទាក់ទងទៅអតីត មិត្តរួមក្រុមដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងក្លឹប Manchester United, Real Madrid, La Galaxy និង Paris Saint-Germain ដើម្បីមកធ្វើជាគ្រូបង្វឹក និងទីប្រឹក្សាក្លឹបផងនោះ លោកក៏បានទាក់ទងកីឡាករល្បីៗនៅអឺរ៉ុបមកលេងក្នុងក្លឹបថ្មីរបស់លោកដែរ៕