ការផ្ទេរកីឡាករពីក្លឹបមួយទៅក្លឹបមួយផ្សេងទៀត គឺពិតជារឿងសំខាន់ខ្លាំងណាស់ សម្រាប់បាល់ទាត់អាជីព ដែលជាវិធីសាស្រ្តមួយល្អបំផុតក្នុងការពង្រឹង និងកសាងក្រុមដើម្បីឈានឆ្ពោះទៅរកការឈ្នះពានរង្វាន់ផ្សេងៗ។ មានក្លឹបយក្សមួយចំនួនបានចំណាយប្រាក់ដើម្បីនាំយកកំពូលស៊ូភើស្តាដើម្បីមករួមក្រុមកំលុង១ទសវត្ស កន្លងទៅតួយ៉ាងដូចជាៈ អតីតកីឡាករខ្សែបម្រើក្រុមជម្រើសជាតិបារាង Zinidine Zidane , ខ្សែបម្រើស្លាប Luis Figo, Cristiano Ronaldo និងអតីតខ្សែបម្រើស្លាប សញ្ជាតិប្រេស៊ីលកីឡាករ Ricardo Kaka ជាដើម។

ខាងក្រោមនេះគឺជាកីឡាករ ១០រូបដែលមានតម្លៃខ្លួនកំណត់ត្រាថ្លៃបំផុតក្នុងពិភពបាល់ទាត់កំលុងពេលផ្ទេរចេញ ពីក្លឹបចាស់ទៅកាន់ក្លឹបថ្មីរបស់ខ្លួននាពេលកន្លងមក។

១. Virgil van Dijk

ខ្សែការពារសញ្ជាតិហូឡង់រូបនេះ បានផ្ទេរពីក្រុម Southampton មកចូលរួមជាមួយក្រុម Liverpool កំលុងពេលបំណាច់ខែធ្នូ២០១៧ ក្នុងតម្លៃ៧៨.៨លានយូរ៉ូ និងជាប់ជាកីឡាករខ្សែការពារដែលមានតម្លៃខ្លួនថ្លៃបំផុតលើលោក។​ Van VijK បានបង្ហាញខ្លួនលើកដំបូងជាមួយការរកគ្រាប់បាល់បញ្ចូលទី អោយក្រុមក្នុងជំនួប FA Cup ផ្តួល Everton ដោយលទ្ធផល ២:១ កាលពីពេលកន្លងមក។

២. Luis Suarez

បន្តាប់ពីឈ្នះពានស្បែកជើងមាសនៅក្របខណ្ឌកំពូល Premier League អង់គ្លេស ក្រោយស៊ុតបញ្ចូលទីបាន ៣១គ្រាប់ក្នុងចំណោម ៣៣ប្រកួត Suarez ធ្វើអោយកីឡាករក្រុមជម្រើសជាតិអ៊ុយរូហ្គាយរូបនេះ មានទំនាក់ទំនងចង់បានពីក្លឹបយក្សធំពីរនៅអេស្បាញគឺ Real Madrid និង Barcelona ប៉ុន្តែទីបំផុតរូបគេជ្រើសរើសក្រុម Barcelona ជាមួយតម្លៃខ្លួន 81.72 លានយូរ៉ូផងដែរ។

៣. Romelu Lukaku

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបែលហ្សិករូបនេះ បានផ្ទេរពីក្រុម Everton មកចូលរួមជាមួយបិសាចក្រហម Man.United នៅខែកក្កដា ឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន ៨៤.៧លានយូរ៉ូ។ ក្រោយចំណាយពេល ៤រដូវកាល លេងអោយក្រុម Everton មុនពេលផ្លាស់មកកីឡាដ្ឋាន Old Trafford អតីតខ្សែប្រយុទ្ធក្រុម Chelsea រូបនេះ រកគ្រាប់បាល់បញ្ចូលទីច្រើនជាង ២០គ្រាប់ដល់ទៅបីរដូវកាលជាប់គ្នា ទើបធ្វើអោយលោក Jose Mourinho បញ្ចុះបញ្ចូលរូបគេ អោយមកចូលរួមជាមួយ Man.United។

៤. Gonzalo Higuain
រដូវកាល ២០១៥-២០១៦ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់អាជីពបាល់ទាត់របស់កីឡាករក្រុមជម្រើសជាតិ អាហ្សង់ទីនវ័យ ២៩ឆ្នាំរូបនេះ រកគ្រាប់បាល់បានរហូតដល់ ៣៨គ្រាប់ ក្នុងការប្រជែងគ្រប់ក្របខណ្ឌចំនួន ៤២ប្រកួត។ នៅរដូវកាល ២០១៦-២០១៧ Higuain ត្រូវបានក្លឹប Juventus ទិញពីក្រុម Napoli ក្នុងតម្លៃខ្លួន ៩០លានយូរ៉ូ។

៥. Cristiano Ronaldo

ខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់បានបំពេញក្តីសុបិន្តផ្ទេរមកកីឡាដ្ឋាន Estadio Santiago Bernabeu នៅឆ្នាំ២០០៩ ក្នុងតម្លៃ​ ៩៤លានយូរ៉ូ និងបំបែកឯកទគ្គកម្មជាអត្តពលិកដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងពិភពបាល់ទាត់នាពេលនោះ។

៦. Gareth Bale

Bale បានជាប់ជាកីឡាករលេងល្អបំផុតប្រចាំឆ្នាំនៅក្របខណ្ឌកំពូលអង់គ្លេស(Premier League Player of the Year) ធ្វើអោយក្រុមស្តេចស Real Madrid មិនបាច់ចំណាយពេល ហើយបានទិញយកខ្សែប្រយុទ្ធ ក្រុមជម្រើស ជាតិវេលរូបនេះពីក្លឹប Tottenham មករួមក្រុមក្នុងតម្លៃកំណត់បំបែកត្រាថ្លៃបំផុតក្នុងពិភពលោកនាឆ្នាំ២០១៣ បន្ទាប់ពីមិត្តរួមក្រុម Cristiano Ronaldo បានផ្ទេរមកកាលពីឆ្នាំ២០០៩។

៧. Paul Pogba

Pogba បានព្រមព្រៀងផ្ទេរពីក្រុម Juventus ហើយត្រលប់មកក្លឹបដើមគឺ Man.United កាលពីដើមរដូវ កាល(២០១៦-២០១៧)ក្នុងតម្លៃខ្លួន ១០៥លានយូរ៉ូ និងជាតម្លៃខ្លួនបំបែកកំនត់ត្រាថ្លៃបំផុតលើលោកនាពេលនោះ។ ​​ចំណាយពេលរដូវកាលដំបូងអោយក្រុមបិសាចក្រហម Pogba បានជួយក្រុមលើកពាន League Cup(Carabao Cup), UEFA Europa League និងបានជួយក្រុមមានកៅអីមួយបានទៅលេងនៅក្របខណ្ខ Champion League រដូវកាលថ្មីនេះ ព្រមទាំងជាប់ជាកីឡាករ Europa League Player of the Season ផងដែរ។

៨. Ousmane Dembele

១ឆ្នាំប៉ុណ្ណោះក្រោយពេល Man.United ចុះហត្ថលេខានាំយកកីឡាករ Pogba ក្នុងតម្លៃខ្លួនថ្លៃបំផុតលើផែនដីរួចមក Barcelona នាំកីឡាករខ្សែប្រយុទ្ធស្លាបវ័យ ២០ឆ្នាំសញ្ជាតិបារាំងរូបនេះ ពីក្រុម Dortmund ក្នុងតម្លៃខ្លួន ១០៥លានយូរ៉ូ ព្រមជាមួយកំនត់ត្រាតម្លៃខ្លួនស្មើនិងកីឡាករ Pogba ផងដែរ។ កីឡាករក្រុមជម្រើសជាតិបារាំងរូបនេះ មិនទាន់បានបញ្ចេញសមត្ថភាពរកគ្រាប់បាល់អោយក្រុមបាននៅឡើយទេ ខណៈរូបគេនៅកំពុងព្យាបាល របួសសរសៃពួរនៅឡើយ។

៩. Philippe Coutinho

ការមកដល់របស់ខ្សែបម្រើ-ប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ គឺជាតម្រូវការចាំបាច់របស់ក្រុម Barcelona នៅតំបន់បម្រើកណ្តាល ក្រោយពីខកខាននិងបរាជ័យនាំយកអតីតកីឡាករក្រុម Inter Milan រូបនេះ កាលពីដើមរដូវកាលកន្លងមកព្រមជាមួយតម្លៃខ្លួនព្រមព្រៀងនិងក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃ 120លានផោនកាលពីពាក់កណ្តាលខែមករា២០១៨នេះ។

១០. Neymar

Neymar បានផ្ទេរពីក្រុមBarcelona ក្នុងតម្លៃខ្លួនកំនត់ត្រាថ្លៃបំផុតលើពិភពលោកគឺ២២២លានយូរ៉ូកាលពីដើម រដូវកាលកន្លងមក។ ក្នុងចំណោម២៤ប្រកួត ព្រមជាមួយការស៊ុតបញ្ចូលទីបាន២៦គ្រាប់ និង Assist ១៤ដង គឺជាការសម្រេចបានរបស់កីឡាករវ័យ២៥ឆ្នាំ ក្រោយការមកដល់កីឡាដ្ឋានParc Des Princes ។

ប្រភព៖ sportskeeda